(សៀមរាប)៖ ដោយទទួលបានការអនុញ្ញាតពី លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ លោកវរសេនីយ៍ឯក នួន សក្តិចំរើនរិទ្ធ ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ បានចូលរួមក្នុងវគ្គបណ្ដុះបណ្ដាលស្តីពី «ជំនាញបច្ចេកទេសពិនិត្យបទល្មើសនៅកន្លែងកើតហេតុ» ដែលរៀបចំឡើងនៅទីស្តីការក្រសួងមហាផ្ទៃ រយៈពេល ០៥ថ្ងៃពេញ។
វគ្គបណ្តុះបណ្តាលនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ ទិត្យ ប៊ុនណា ប្រធាននាយកដ្ឋាននគរបាលបច្ចេកទេស និងវិទ្យាសាស្រ្ត នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងលោក Stephane Gay អនុព័ន្ធសន្តិសុខផ្ទៃក្នុង ទទួលបន្ទុកប្រទេសកម្ពុជា និងប្រទេសឡាវ នៃនាយកដ្ឋានសហប្រតិបត្តិការសន្តិសុខអន្តរជាតិ ក្រសួងមហាផ្ទៃ សាធារណរដ្ឋបារាំង។ វគ្គនេះមានគ្រូឧទ្ទេសជំនាញជាន់ខ្ពស់មកពីប្រទេសបារាំង រួមមានលោកស្រី Celine VER ELST ប្រធានផ្នែកនគរបាលបច្ចេកទេសវិទ្យាសាស្ត្រ ទីក្រុងប័រដូ និងលោក Gregory PINTIAUX ប្រធានផ្នែកជំនាញការគ្រប់គ្រងទីកន្លែងកើតហេតុ ប្រចាំសាលានគរបាលជាតិបច្ចេកទេសវិទ្យាសាស្ត្របារាំង ដោយមានសិក្ខាកាមចូលរួមសរុបចំនួន ២០រូប មកពីនាយកដ្ឋានជំនាញ និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្តចំនួន ១១។
ការចូលរួមវគ្គបណ្តុះបណ្តាលកម្រិតខ្ពស់នេះ គឺជាការពង្រឹងសមត្ថភាពបន្ថែមរបស់ លោកវរសេនីយ៍ឯក នួន សក្តិចំរើនរិទ្ធ លើវិធានការវិទ្យាសាស្ត្រ និងបច្ចេកទេសស្រាវជ្រាវកោសល្យវិច័យនៅកន្លែងកើតហេតុ ដើម្បីធានាបាននូវភាពច្បាស់លាស់ សុក្រឹតភាព និងប្រសិទ្ធភាពក្នុងការបំបែកសំណុំរឿងព្រហ្មទណ្ឌផ្សេងៗក្នុងភូមិសាស្ត្រខេត្តសៀមរាប។
បន្ទាប់ពីបញ្ចប់វគ្គ សិក្ខាកាមទាំងអស់បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះ នាយកដ្ឋាននគរបាលបច្ចេកទេស និងវិទ្យាសាស្ត្រ ក្រុមគ្រូឧទ្ទេសជំនាញ និងជាពិសេស ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ដែលបានអនុញ្ញាតឱ្យមានវគ្គបណ្តុះបណ្តាលដ៏មានសារៈសំខាន់នេះឡើង៕

