(ត្បូងឃ្មុំ)៖ លោកវរសេនីយ៍ទោ ហោ សុវឌ្ឍនៈ មន្ត្រីនគរបាលនៃអធិការដ្ឋាននគរបាលស្រុកមេមត់ ត្រូវបានចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តត្បូងឃ្មុំ បង្គាប់ឱ្យបញ្ជូនខ្លួនទៅឃុំឃាំងបណ្តោះអាសន្នក្នុងពន្ធនាគារខេត្ត ពីបទ «មនុស្សឃាតដោយអចេតនា» ក្រោយកើតមានឧប្បត្តិហេតុផ្ទុះអាវុធខ្លី បណ្តាលឱ្យជនសង្ស័យលួចជ័រកៅស៊ូម្នាក់ស្លាប់នៅនឹងកន្លែង ខណៈស្នងការដ្ឋាននគរបាលខេត្តក៏បានស្នើសុំគោលការណ៍អនុវត្តទណ្ឌកម្មវិន័យកងកម្លាំងផងដែរ។
យោងតាមសេចក្តីបំភ្លឺរបស់អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បានឱ្យដឹងថា ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១១:៣០នាទីព្រឹក ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ នៅចំណុចចម្ការកៅស៊ូ ស្ថិតក្នុងភូមិកំបាស់ ឃុំមេមង ស្រុកមេមត់។ មុនពេលកើតហេតុ ឈ្មោះ ហោ សុវឌ្ឍនៈ បានទទួលដំណឹងពីអ្នកជិតខាងថា មានជនសង្ស័យ ៣នាក់ ជិះម៉ូតូ ២គ្រឿង កំពុងលួចបកជ័រកៅស៊ូក្នុងចម្ការរបស់ខ្លួន។ ពេលឮដូច្នេះ លោកបានជិះម៉ូតូទៅតែម្នាក់ឯង ដោយបានយកកាំភ្លើងខ្លីម៉ាក K59 ទៅជាមួយ។
ពេលទៅដល់ លោកពុំឃើញក្រុមចោរក្នុងចម្ការខ្លួនទេ តែបានជិះតាមរករហូតប្រទះឃើញពួកគេកំពុងលួចបកជ័រកៅស៊ូចម្ការអ្នកដទៃ។ ភ្លាមនោះ លោកបានស្រែកបញ្ជាឱ្យក្រុមចោរឈប់ និងអង្គុយមួយកន្លែង តែពួកគេមិនព្រមស្តាប់ ទើបលោកបាញ់គំរាមចុះដីចំនួន ១គ្រាប់។ គ្រានោះ បក្ខពួក ២នាក់បានខ្លាចរអា ប៉ុន្តែជនសង្ស័យឈ្មោះ ជុំ ថ្នម មិនព្រមស្តាប់ ហើយបានស្ទុះចូលមកប្រតាយប្រតប់ដណ្តើមកាំភ្លើងពីដៃឈ្មោះ ហោ សុវឌ្ឍនៈ បណ្តាលឱ្យរាលកៃផ្ទុះអាវុធ ១គ្រាប់ ត្រូវចំស្មាស្ដាំធ្លាយបៀមគ្រាប់ក្នុងទ្រូងខាងឆ្វេង ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ចំណែកបក្ខពួក ២នាក់ទៀតបានជិះម៉ូតូរត់គេចខ្លួនបាត់។
ក្រោយការពិនិត្យកោសល្យវិច័យ និងនីតិវិធីបច្ចេកទេសវិទ្យាសាស្ត្រ សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនឈ្មោះ ហោ សុវឌ្ឍនៈ ទៅសាលាដំបូងខេត្តត្បូងឃ្មុំ ចំណែកសពជនរងគ្រោះត្រូវបានប្រគល់ជូនសាច់ញាតិធ្វើបុណ្យតាមប្រពៃណី។
បច្ចុប្បន្ន លោកវរសេនីយ៍ទោ ហោ សុវឌ្ឍនៈ ត្រូវបានបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារខេត្តត្បូងឃ្មុំ តាមដីកាបង្គាប់ឱ្យឃុំខ្លួនលេខ ៩៨៤ ចុះថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ របស់សាលាដំបូងខេត្ត ពីបទមនុស្សឃាតដោយអចេតនា។ ទន្ទឹមនឹងចំណាត់ការតុលាការ ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ក៏បានរៀបចំបែបបទស្នើសុំអនុវត្តទណ្ឌកម្មវិន័យកងកម្លាំងនគរបាលជាតិកម្ពុជាចំពោះមន្ត្រីរូបនេះផងដែរ៕

