(សៀមរាប)៖ ដើម្បីរួមគ្នាផ្សព្វផ្សាយសក្ដានុពលទេសចរណ៍ដ៏សម្បូរបែបនៃទឹកដីប្រវត្តិសាស្ត្រអង្គរទៅកាន់ឆាកអន្តរជាតិ រដ្ឋបាលខេត្តសៀមរាប បានត្រៀមរៀបចំព្រឹត្តិការណ៍កីឡាទេសចរណ៍ដ៏ធំមួយគឺ កម្មវិធីរត់ «សមរាត្រី Equinox Run» ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ ខាងមុខនេះ អមដោយទស្សនទានដ៏មានអត្ថន័យ «មនុស្សម្នាក់ ផ្សព្វផ្សាយទេសចរណ៍ម្នាក់» ដើម្បីបង្ហាញពិភពលោកអំពីសុខសុវត្ថិភាព និងភាពទាក់ទាញនៃរដូវកាលបៃតងនៅកម្ពុជា។
នៅក្នុងកិច្ចប្រជុំពិភាក្សាលើការរៀបចំកម្មវិធី កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ លោក ង៉ូវ សេងកាក់ អភិបាលរងខេត្តសៀមរាប បានមានប្រសាសន៍ថា បាតុភូតសមរាត្រី (Equinox) កើតឡើង ២ដងក្នុងមួយឆ្នាំនៅលើទឹកដីអង្គរ គឺសមរាត្រីរដូវប្រាំង (ខែមីនា) និងសមរាត្រីរដូវវស្សា (ខែកញ្ញា)។ សម្រាប់សមរាត្រីខែកញ្ញា ឆ្នាំ២០២៦ នេះ រដ្ឋបាលខេត្តបានរៀបចំកម្មវិធីរត់អមព្រឹត្តិការណ៍ថ្ងៃរះចំកំពូលកណ្តាលប្រាសាទអង្គរវត្តនេះឡើង ដើម្បីបំផុសស្មារតីសាមគ្គីភាពតាមរយៈកីឡា និងរំលេចពីបរិយាកាសទេសចរណ៍រដូវវស្សាដ៏ស្រស់បំព្រង។
លោកអភិបាលរងខេត្ត បានបញ្ជាក់ថា ព្រឹត្តិការណ៍នេះនឹងចាប់ផ្តើមនៅវេលាម៉ោង ០៤:៣០ នាទីព្រឹក ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ ដោយរំពឹងថានឹងមានអ្នកចូលរួមប្រមាណពី ៥ ០០០ ទៅ ១០ ០០០ នាក់។ អ្នកចូលរួមរត់នឹងទទួលបានអាវយឺត និងស្លាកលេខរត់ដោយឥតគិតថ្លៃ ព្រមទាំងមានឱកាសចូលរួមបរិច្ចាគថវិកាមនុស្សធម៌ដោយស្ម័គ្រចិត្ត ដែលថវិកាទាំងនោះនឹងត្រូវប្រគល់ជូនរដ្ឋបាលខេត្ត ដើម្បីបម្រើដល់គោលបំណងចម្បង ៣ គឺ «សុខភាព មនុស្សធម៌ និងទេសចរណ៍»។
ជាមួយគ្នានេះ លោក ង៉ូវ សេងកាក់ ក៏បានណែនាំដល់ក្រុមការងាររៀបចំ ឱ្យយកចិត្តទុកដាក់ខ្ពស់លើការការពារសុខភាពរបស់អ្នកចូលរួម ការគ្រប់គ្រងចរាចរណ៍ សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈឱ្យបានម៉ត់ចត់ ដើម្បីធានាឱ្យដំណើរការរត់ប្រព្រឹត្តទៅដោយរលូន ជៀសវាងការកកស្ទះ និងមិនបង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋឡើយ៕

