(សៀមរាប)៖ ដោយឈរលើស្មារតីទទួលខុសត្រូវខ្ពស់ និងការយកចិត្តទុកដាក់ចំពោះសុវត្ថិភាពអាយុជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋជាចម្បង កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកប្រាសាទបាគង ក្រោមការដឹកនាំផ្ទាល់របស់ លោកវរសេនីយ៍ឯក លឹម សម្បត្តិ អធិការនគរបាលស្រុក បានរៀបចំកម្លាំង មធ្យោបាយ និងសម្ភារៈសង្គ្រោះរួចរាល់ជាស្រេច រង់ចាំតែបទបញ្ជា ដើម្បីចុះអន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋទាន់ពេលវេលា ក្នុងករណីមានគ្រោះទឹកជំនន់ ឬគ្រោះមហន្តរាយផ្សេងៗកើតឡើងក្នុងមូលដ្ឋាន។
ការត្រៀមលក្ខណៈយ៉ាងសកម្ម និងម៉ត់ចត់នេះ ធ្វើឡើងស្របតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការចង្អុលបង្ហាញបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ក្នុងពិធីសំណេះសំណាល និងប្រមូលផ្តុំកម្លាំងត្រៀមអន្តរាគមន៍សង្គ្រោះគ្រោះមហន្តរាយ កាលពីព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៦។
លោកវរសេនីយ៍ឯក លឹម សម្បត្តិ អធិការនគរបាលស្រុកប្រាសាទបាគង បានបញ្ជាក់ថា កម្លាំងនគរបាលទូទាំងស្រុក បានដាក់ចេញនូវផែនការប្រចាំការយ៉ាងម៉ឺងម៉ាត់ ដោយត្រៀមទាំងកម្លាំងមនុស្ស មធ្យោបាយធ្វើដំណើរ ឧបករណ៍សង្គ្រោះបន្ទាន់ ព្រមទាំងការក្តាប់ព័ត៌មានតាមមូលដ្ឋានជាប់ជាប្រចាំ ដើម្បីធានាថា រាល់ការប្រែប្រួលនៃកម្ពស់ទឹកជំនន់ ឬគ្រោះអាសន្នផ្សេងៗ នឹងត្រូវទទួលបានការឆ្លើយតប និងអន្តរាគមន៍ជម្លៀសប្រជាពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាពបានភ្លាមៗ ដោយមិនឱ្យមានការយឺតយ៉ាវឡើយ។
កាយវិការប្រកបដោយភាពរហ័សរហួន និងការត្រៀមខ្លួនជានិច្ចរបស់កងកម្លាំងនគរបាលស្រុកប្រាសាទបាគង បានទទួលការកោតសរសើរ និងផ្តល់នូវភាពកក់ក្តៅយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ក្នុងគ្រាដែលរដូវវស្សាកំពុងមានភ្លៀងធ្លាក់ជាប់ជាប្រចាំ ដែលទាមទារឱ្យមានការប្រុងប្រយ័ត្នខ្ពស់បែបនេះ៕

