(សៀមរាប)៖ ដោយស្តែងចេញពីស្មារតីយកចិត្តទុកដាក់ខ្ពស់លើសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជន និងដោយអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ, លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប អនុប្រធានប្រចាំការ និងជាប្រធានលេខាធិការដ្ឋានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តសៀមរាប បានចាត់តំណាងចុះជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគ បរិភោគ ជូនដល់គ្រួសារអតីតយុទ្ធជនពិការដែលកំពុងជួបការលំបាក។
ប្រតិបត្តិការមនុស្សធម៌នេះ បានប្រព្រឹត្តទៅនៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ នេះ ដោយលោកឧត្តមសេនីយ៍ទោ ហួត សុធី បានចាត់ លោកឧត្តមសេនីយ៍ត្រី សឿន សេន ស្នងការរង និងជាអនុប្រធានលេខាធិការដ្ឋានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តសៀមរាប ដឹកនាំក្រុមការងារលេខាធិការដ្ឋាន ចុះទៅដល់ផ្ទះសំណេះសំណាលសួរសុខទុក្ខដោយផ្ទាល់ ជាមួយអតីតយុទ្ធជន (ជនពិការ) ឈ្មោះ យ៉ាន់ ស៊ីណាល់ ដែលបច្ចុប្បន្នរស់នៅក្នុងភូមិជ្រៃ ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។
នៅក្នុងឱកាសនោះ លោកស្នងការរង និងក្រុមការងារ បានពាំនាំនូវប្រសាសន៍សួរសុខទុក្ខប្រកបដោយក្តីនឹករលឹក និងក្តីអាណិតអាសូរពីសំណាក់ លោកឧត្តមសេនីយ៍ទោ ហួត សុធី ព្រមទាំងបាននាំយកនូវគ្រឿងឧបភោគ បរិភោគ និងជំនួយមួយចំនួន ប្រគល់ជូនគ្រួសារអតីតយុទ្ធជនរូបនេះ ដើម្បីជួយសម្រាល និងដោះស្រាយជីវភាពរស់នៅប្រចាំថ្ងៃ។
សកម្មភាពនេះ មិនត្រឹមតែជាការជួយសម្រាលទុក្ខធុរៈផ្នែកជីវភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការស្តែងឱ្យឃើញយ៉ាងច្បាស់ពីការដឹងគុណ និងការមិនបោះបង់ចោលចំពោះវីរភាពតស៊ូរបស់បងប្អូនអតីតយុទ្ធជន ដែលធ្លាប់បានលះបង់សាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុសន្តិភាព និងការការពារទឹកដីនាពេលកន្លងមក៕

