(ភ្នំពេញ)៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញប្រកាសសម្រេចផ្អាកការងារបណ្តោះអាសន្នចំពោះ ឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា អត្តលេខ ៥៦០៣៥ ប្រធាននាយកដ្ឋាននគរបាលទេសចរណ៍ ចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីទុកលទ្ធភាពជូនសមត្ថកិច្ចបន្តនីតិវិធីក្នុងការស្រាវជ្រាវ។
យោងតាម «ប្រកាសស្តីពីការផ្អាកការងារបណ្តោះអាសន្នចំពោះមន្ត្រីនគរបាលជាតិ» លេខ ៤៧៣០ ប្រក របស់ក្រសួងមហាផ្ទៃ ចុះថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ ដែលចុះហត្ថលេខា និងវាយត្រាជាផ្លូវការដោយ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានបញ្ជាក់ថា ការសម្រេចផ្អាកការងារនេះគឺត្រូវបានធ្វើឡើងផ្អែកតាមតម្រូវការការងារ និងស្របតាមសំណើផ្លូវការរបស់អគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

ខ្លឹមសារលម្អិតនៃប្រកាសរបស់ក្រសួងមហាផ្ទៃ៖
នៅក្នុងសេចក្តីសម្រេចនៃប្រកាសខាងលើ បានកំណត់យ៉ាងច្បាស់លាស់នូវប្រការសំខាន់ៗចំនួន ២ រួមមាន៖
ប្រការ១៖ ត្រូវបានផ្អាកការងារបណ្តោះអាសន្នចំពោះ ឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា អត្តលេខ ៥៦០៣៥ ប្រធាននាយកដ្ឋាននគរបាលទេសចរណ៍ ចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីបន្តនីតិវិធីក្នុងការស្រាវជ្រាវ។
ប្រការ២៖ សាម៉ីខ្លួនដែលមានឈ្មោះក្នុងប្រការ១ (ឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា) ត្រូវទៅបង្ហាញមុខរៀងរាល់ម៉ោងធ្វើការនៅការិយាល័យបុគ្គលិក នៃអគ្គនាយកដ្ឋានបុគ្គលិក រហូតមានការសម្រេចជាថ្មី។
ក្រសួងមហាផ្ទៃ ក៏បានប្រគល់ភារកិច្ចជូនអគ្គលេខាធិការ អគ្គស្នងការនៃអគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានមនុស្ស អគ្គនាយកនៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ប្រធាននាយកដ្ឋានកណ្តាលសណ្តាប់ធ្នាប់សាធារណៈ ប្រធាន នាយកដ្ឋានបុគ្គលិកមន្ត្រីនគរបាលជាតិ ប្រធាននាយកដ្ឋានគោលនយោបាយ ប្រធាននាយកដ្ឋាននគរបាល ទេសចរណ៍ ប្រធាននាយកដ្ឋាន អង្គភាពពាក់ព័ន្ធ និងសាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តប្រកាសនេះ តាមភារកិច្ច រៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ៕

