(សៀមរាប)៖ ក្នុងឱកាសប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រោមប្រធានបទ «រួមគ្នាឆ្លើយតបបញ្ហាគ្រឿងញៀនក្នុងបរិបទថ្មី ប្រកបដោយភាពច្នៃប្រឌិត» កាលពីព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ នេះ អាជ្ញាធរខេត្តសៀមរាប បានធ្វើការដុតកម្ទេចចោលនូវវត្ថុតាងសារធាតុញៀន និងឧបករណ៍ពាក់ព័ន្ធទម្ងន់ជាង ២១១គីឡូក្រាម។ ជាមួយគ្នានោះ រដ្ឋបាលខេត្តក៏បានដាក់ចេញនូវបទបញ្ជាក្តៅក្នុងការរឹតបន្តឹងវិន័យផ្ទៃក្នុង តាមរយៈការអនុវត្តគោលការណ៍ «សម្អាតផ្ទះយើង» និង «សម្អាតចកចេញពីបឹង» ដើម្បីឈានទៅរកការលុបបំបាត់គ្រឿងញៀនឱ្យអស់ពីក្នុងជួរមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ។

យោងតាមរបាយការណ៍របស់ លោកវរៈសេនីយ៍ទោ ចាប ណារិន ស្នងការរងទទួលផែនបទល្មើសប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានបង្ហាញឱ្យដឹងថា ក្នុងរយៈពេលត្រឹម ៦ខែដើមឆ្នាំ២០២៦ នេះ កម្លាំងសមត្ថកិច្ចខេត្តសម្រេចបាននូវស្នាដៃធំធេង ដោយបានបង្ក្រាបបទល្មើសគ្រឿងញៀនសរុបចំនួន ៣០៣ករណី ឃាត់ខ្លួនជនសង្ស័យបានចំនួន ១ ២០០នាក់ និងដកហូតវត្ថុតាងសារធាតុញៀនបានប្រមាណ ១១ ៧៧៥.៤៣ក្រាម។

ពាក់ព័ន្ធនឹងវត្ថុតាងដែលត្រូវយកមកដុតកម្ទេចចោលនាព្រឹកនេះ ឯកឧត្តម សៀង សុខ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តសៀមរាប បានបញ្ជាក់ថា សារធាតុញៀន និងឧបករណ៍ប្រើប្រាស់ ៩ប្រភេទផ្សេងៗគ្នា ដែលសមត្ថកិច្ចបង្ក្រាបបាននាពេលកន្លងមក រួមមាន៖ គ្រឿងញៀនប្រភេទមេតំហ្វេតាមីន, ហេរ៉ូអ៊ីន, កេតាមីន, មេតំហ្វេតាមីនគ្រាប់, MDMA (កញ្ចប់ និងគ្រាប់), កញ្ឆាក្រៀម, ប្រេងកញ្ឆា រួមទាំងបារីអេឡិចត្រូនិច និងឧបករណ៍ប្រើប្រាស់គ្រឿងញៀនផ្សេងៗទៀត សរុបទម្ងន់ជាង ២១១គីឡូក្រាម។
ក្នុងឱកាសនោះ ឯកឧត្តមព្រះរាជអាជ្ញា ក៏បានផ្ញើសារដាស់តឿនយ៉ាងម៉ឺងម៉ាត់ទៅកាន់យុវជន និងពលរដ្ឋទាំងអស់ ឱ្យជៀសឆ្ងាយពីគ្រឿងញៀន ព្រោះគ្រឿងញៀនបំផ្លាញទាំងអនាគត ការសិក្សា គ្រួសារ និងសង្គមជាតិទាំងមូល។

ទន្ទឹមនឹងការបង្ហាញកណ្តាប់ដៃដែកលើក្រុមឧក្រិដ្ឋជនគ្រឿងញៀន លោក យុន លីនណេ អភិបាលរងខេត្តសៀមរាប បានឆ្លៀតឱកាសនេះប្រកាសដាក់ចេញនូវវិធានការក្តៅ និងម៉ឺងម៉ាត់បំផុតចំពោះមន្ត្រីផ្ទៃក្នុងរដ្ឋបាលខេត្ត។ លោកអភិបាលរងខេត្ត បានបង្គាប់ឱ្យគ្រប់ស្ថាប័ន អង្គភាព និងរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ត្រូវបន្តធ្វើការត្រួតពិនិត្យជាប្រចាំចំពោះមន្ត្រីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធទាំងអស់។
បន្ថែមពីលើនេះ លោកអភិបាលរងខេត្ត ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសយុវជន សិស្សានុសិស្ស ឱ្យទាញយក និងប្រើប្រាស់កម្មវិធីទូរស័ព្ទដៃ «No Drug» របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ឱ្យបានទូលំទូលាយ ដើម្បីទទួលបានចំណេះដឹង និងចូលរួមរាយការណ៍អំពីបទល្មើសគ្រឿងញៀននៅក្នុងសហគមន៍។
ស្របគ្នានេះដែរ ឯកឧត្តមឧត្តមសេនីយ៍ឯក ថោង សុគន្ធា អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានបញ្ជាក់ថា ទិវានេះរៀបចំឡើងដើម្បីបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់បំផុតរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយ និងលុបបំបាត់គ្រឿងញៀនឱ្យអស់ពីសង្គមជាតិ ដោយចាត់ទុកបញ្ហាគ្រឿងញៀនជាបញ្ហារួមដែលត្រូវតែចូលរួមដោះស្រាយទាំងអស់គ្នា៕

