(កំពង់ស្ពឺ) ៖ ដោយបានការបញ្ជាដឹកនាំដ៏ខ្ពង់ខ្ពស់ពី លោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ និងការចង្អុលការណ៍ណែនាំពី លោកឧត្ដមសេនីយ៍ត្រី ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ កម្លាំងនគរបាលព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលស្រុកគងពិសី ដឹកនាំដោយលោកវរសេនីយ៍ឯក យ៉ាង សុខលី អធិការនគរបាលស្រុក បញ្ជានិងស្រាវជ្រាវករណីប៉ុនប៉ងលួចទ្រព្យសម្បត្តិ កាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង ២៣៖៣០នាទី ចំណុចកញ្ចុះ ដីឡូ ភូមិភានសា ឃុំព្រះនិព្វាន ស្រុកគងពិសី ឃើញមុខសញ្ញាសង្ស័យ និងបានឃាត់ចំនួន ០៤នាក់ រួមមាន៖
១- ឈ្មោះ វ៉ាន់ ថុង ភេទប្រុស អាយុ ៣៥ឆ្នាំ នៅសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ
២- ឈ្មោះ ខុន សុធារី ភេទប្រុស អាយុ ៣៨ឆ្នាំ នៅភូមិកំពង់ភ្នំ ឃុំព្រតាឡាប់ ស្រុកលើកដែក ខេត្តកណ្តាល
៣- ឈ្មោះ រិន អេ ភេទប្រុស អាយុ ២៣ឆ្នាំ នៅសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ
៤- ឈ្មោះ ចាន់ ពៅ ភេទប្រុស អាយុ ៣៤ ឆ្នាំ នៅសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
សមត្ថកិច្ចរកឃើញម៉ូតូ ០២គ្រឿង ម៉ាកវ៉េវ អត់ផ្លាកលេខ និងម៉ាកឌ្រីម ១២៥cc ពណ៌ខ្មៅ រលប់ផ្លាកលេខ រួចបានធ្វើការឆែកត្រួតពិនិត្យក៏រកឃើញមានឧបករណ៍មួយចំនួនអាចពាក់ព័ន្ធសកម្មភាពលួចកាច់កម៉ូតូ ឆ្កឹះសោហើយក៏ធ្វើការឃាត់ខ្លួន បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកគងពិសី ដើម្បីសាកសួរ។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានកសាងសុំណុំរឿងបញ្ជូនទៅការិយាល័យព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគបាលខេត្តកំពង់ស្ពឺ ចាត់ការតាមនីតិវិធីបន្ដ៕

