(សៀមរាប)៖ ល្បិចកលទុច្ចរិតបន្លំខ្ចីម៉ូតូយកទៅលក់ មិនអាចគេចផុតពីសំណាញ់ច្បាប់បានឡើយ! ជនសង្ស័យម្នាក់ដែលបានប្រើល្បិចខ្ចីម៉ូតូពីជនរងគ្រោះដោយយកលេសជិះទៅដកប្រាក់ តែបែរជាយកទៅលក់ និងបានបន្តលួចម៉ូតូមួយគ្រឿងទៀតនៅក្រុងសៀមរាប ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលស្រុកក្រឡាញ់ សហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលខេត្តសៀមរាប ស្រាវជ្រាវស្ទាក់ចាប់ខ្លួនបានភ្លាមៗ រួមទាំងដកហូតម៉ូតូបានចំនួន ២គ្រឿង ប្រគល់ជូនម្ចាស់ដើមវិញ។
ប្រតិបត្តិការបំបែកសំណុំរឿងល្បិចចោរកម្មនេះ បានធ្វើឡើងនៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦ ដោយមានការយកចិត្តទុកដាក់ខ្ពស់ពី ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប និងអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត ព្រមទាំងការណែនាំពី លោកវរសេនីយ៍ឯក នួន សក្តិចំរើនរិទ្ធ ស្នងការរងទទួលផែនព្រហ្មទណ្ឌ និងលោក សុខ ណារ៉េត អភិបាលស្រុកក្រឡាញ់។
លោកវរសេនីយ៍ទោ ហ៊ន បូវុធ អធិការនគរបាលស្រុកក្រឡាញ់ បានដឹកនាំបញ្ជាផ្ទាល់ឱ្យ លោកវរសេនីយ៍ត្រី ណូ វណ្ណៈ អធិការរង ដឹកនាំកម្លាំងជំនាញយុត្តិធម៌ ចុះស្រាវជ្រាវបន្ទាន់ រហូតឈានទៅឃាត់ខ្លួនជនសង្ស័យបានម្នាក់ ដែលបានធ្វើសកម្មភាពប្រើល្បិចខ្ចីម៉ូតូរបស់ជនរងគ្រោះជិះទៅដកប្រាក់ រួចយកម៉ូតូនោះទៅលក់បាត់ ហើយមិនតែប៉ុណ្ណោះ ជននេះបានឆ្លៀតធ្វើសកម្មភាពលួចយកម៉ូតូរបស់ជនរងគ្រោះម្នាក់ទៀតនៅក្រុងសៀមរាប បន្ថែមទៀតដើម្បីជិះគេចខ្លួន។
នៅក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចដកហូតបានវត្ថុតាងម៉ូតូចំនួន ០២គ្រឿង រួមមាន៖
១. ម៉ាក ហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៧ ស្លាកលេខ សៀមរាប 1X-5804
២. ម៉ាក ហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២២ ស្លាកលេខ ឧត្តរមានជ័យ 1F-6517
ភ្លាមៗក្រោយដកហូតបាន កម្លាំងនគរបាលបានរៀបចំប្រគល់ម៉ូតូទាំង ២គ្រឿង ជូនទៅដល់ជនរងគ្រោះជាម្ចាស់ដើមវិញ។ បច្ចុប្បន្ន ជនសង្ស័យត្រូវបានបញ្ជូនទៅការិយាល័យព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការតាមច្បាប់ជាធរមាន៕

