(សៀមរាប)៖ ករណីផ្ទុះអាវុធ និងគំរាមកំហែងសម្លាប់មនុស្សដ៏រន្ធត់មួយ បានកើតឡើងនៅក្នុងបន្ទប់ខារ៉ាអូខេ នៃមណ្ឌលកម្សាន្តផ្លាទីនឹម KTV ក្រុងសៀមរាប។ ជនរងគ្រោះបានឆ្លៀតឱកាសដ៏គ្រោះថ្នាក់បំផុត ខណៈជនបង្កកំពុងភ្លេចខ្លួនទុកកាំភ្លើងលើតុដើម្បីបញ្ចូលគ្រាប់បន្ថែម ស្ទុះប្រតាយប្រតប់ និងរត់ចេញពីបន្ទប់ បើកផ្លូវឱ្យកម្លាំងនគរបាលខេត្តសៀមរាប ឆ្មក់ចូលទៅក្របួចឃាត់ខ្លួនជនបង្កបានភ្លាមៗនៅនឹងកន្លែង។
ប្រតិបត្តិការចុះអន្តរាគមន៍យ៉ាងរហ័សនេះ ធ្វើឡើងក្រោមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការយកចិត្តទុកដាក់ពី ឯកឧត្តម ប្រាក់ សោភ័ណ ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តសៀមរាប ព្រមទាំងដឹកនាំបញ្ជាផ្ទាល់ដោយ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម សៀង សុខ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត។
ហេតុការណ៍នេះបានកើតឡើងកាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ នៅបន្ទប់ «ស្វាយលើ» នៃមណ្ឌលកម្សាន្តផ្លាទីនឹម KTV ស្ថិតក្នុងភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។ ជនសង្ស័យឈ្មោះ ព្រំម ពិសិដ្ឋ ភេទប្រុស អាយុ ៤៦ឆ្នាំ មុខរបរទិញលក់រថយន្ត (ធ្លាប់មានប្រវត្តិជាប់ពន្ធនាគារជាង ៣ឆ្នាំ) បានចូលផឹកស៊ី និងហៅបុគ្គលិក ៥នាក់មកកំដរ។ លុះស្រវឹងជោគជាំ ជននេះបានដកកាំភ្លើងខ្លីភ្ជង់គំរាម ដកហូតទូរស័ព្ទ និងវិទ្យុទាក់ទង រួចបាញ់ឡើងលើ ៣គ្រាប់ ព្រមទាំងគំរាមថានឹងបាញ់សម្លាប់អ្នកទាំង ៥នាក់ ប្រសិនបើហ៊ានផ្តល់ដំណឹងទៅក្រៅ។
បន្ទាប់ពីបាញ់អស់ ៣គ្រាប់ ជនសង្ស័យបានអង្គុយលើសាឡុង ទុកកាំភ្លើងលើតុ ហើយប្រើដៃទាំងពីរទាញយកគ្រាប់កាំភ្លើងពីហោប៉ៅមកបញ្ចូលក្នុងបង់បន្ថែម ព្រមទាំងគំរាមថា៖ «ពួកឯងមានគ្នា ៥នាក់ អញបាញ់អស់ ៣គ្រាប់ ត្រូវការចែកគ្រាប់ទៀត»។ ឃើញឱកាសល្អ ជនរងគ្រោះម្នាក់បានស្ទុះទៅប្រតាយប្រតប់ រួចនាំគ្នារត់ចេញពីបន្ទប់។ ភ្លាមនោះ កម្លាំងនគរបាលព្រហ្មទណ្ឌ និងកម្លាំងអន្តរាគមន៍ដែលឡោមព័ទ្ធនៅខាងក្រៅ បានឆ្មក់ចូលទៅចាប់ក្របួចឃាត់ខ្លួនជនបង្កបានភ្លាមៗ។
វត្ថុតាងដកហូតបានរួមមាន៖ កាំភ្លើងខ្លីម៉ាក PRAHA ១ដើម, បង់ ១, គ្រាប់ចំនួន ៤២គ្រាប់ (ក្នុងបង់ ៣គ្រាប់) ព្រមទាំងសម្ភារៈមួយចំនួនទៀត។ បច្ចុប្បន្ន ជនសង្ស័យត្រូវបានកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីផ្តន្ទាទោសតាមច្បាប់ជាធរមាន៕

