(សៀមរាប)៖ ប្រតិបត្តិការស្រាវជ្រាវបំបែកបទល្មើសព្រហ្មទណ្ឌយ៉ាងក្តៅគគុករបស់កម្លាំងអាវុធហត្ថ បានឈានទៅដល់ការចាប់ខ្លួនក្រុមជនសង្ស័យទាំងអ្នកលួច និងអ្នកទិញផលចោរកម្មជាបន្តបន្ទាប់។ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសៀមរាប នៃកងរាជអាវុធហត្ថខេត្តសៀមរាប បានចុះបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យចំនួន ០៤នាក់ ពាក់ព័ន្ធនឹងករណីអំពើលួច (លួចម៉ូតូ) និងបទល្មើសទទួលផលចោរកម្ម ដោយដកហូតបានម៉ូតូសរុបចំនួន ០៣គ្រឿង។

យោងតាមរបាយការណ៍ផ្លូវការពីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តសៀមរាប បានឱ្យដឹងថា កាលពីវេលាម៉ោង ១១:០០នាទីព្រឹក ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៦ កម្លាំងអាវុធហត្ថក្រុងសៀមរាប បានទទួលព័ត៌មានរាយការណ៍ពីប្រជាពលរដ្ឋ តាមរយៈខ្សែទូរស័ព្ទផ្លូវការ Hotline 1296 ថា មានម៉ូតូ ០១គ្រឿង ត្រូវគេយកទៅប្លុងចោលនៅក្នុងដីឡូតិ៍មួយកន្លែង ស្ថិតក្នុងក្រុងសៀមរាប។
ភ្លាមៗបន្ទាប់ពីទទួលបានព័ត៌មាន កម្លាំងជំនាញបានចុះទៅដល់ទីតាំងកើតហេតុ និងបើកការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ពេញមួយយប់ រហូតដល់វេលាម៉ោង ០២:៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៦ សមត្ថកិច្ចបានឈានទៅឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ដំបូងដែលជាអ្នកប្រព្រឹត្ត «អំពើលួច (លួចម៉ូតូ)»។
មិនបង្អង់យូរ កម្លាំងជំនាញបានបន្តនីតិវិធីសាកសួរ និងពង្រីកការស្រាវជ្រាវ រហូតឈានទៅចាប់ខ្លួនជនសង្ស័យចំនួន ០២នាក់ បន្ថែមទៀត ដែលជាអ្នកពាក់ព័ន្ធនឹង «បទល្មើសទទួលផលចោរកម្ម» (អ្នកទិញ និងរក្សាទុកម៉ូតូចោរ)។ នៅក្នុងប្រតិបត្តិការនេះ កម្លាំងអាវុធហត្ថដកហូតបានវត្ថុតាងម៉ូតូសរុបចំនួន ០៣គ្រឿង។
បច្ចុប្បន្ន ជនសង្ស័យទាំង ០៤នាក់ ព្រមទាំងវត្ថុតាង ត្រូវបានការិយាល័យព្រហ្មទណ្ឌ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តសៀមរាប កសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តសៀមរាប ដើម្បីចាត់ការតាមនីតិវិធីច្បាប់យ៉ាងម៉ឺងម៉ាត់។ ដោយឡែក ម៉ូតូ ០១គ្រឿង ក្នុងចំណោមវត្ថុតាងដែលដកហូតបាន ត្រូវបានសមត្ថកិច្ចធ្វើការប្រគល់ជូនប្រជាពលរដ្ឋជាម្ចាស់ដើមវិញភ្លាមៗ ប្រកបដោយភាពរីករាយ។

ជាមួយគ្នានេះ កងរាជអាវុធហត្ថខេត្តសៀមរាប ក៏បានចេញសារអំពាវនាវយ៉ាងទទូចដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមបង្កើនការប្រុងប្រយ័ត្នខ្ពស់ និងថែរក្សាទ្រព្យសម្បត្តិមានតម្លៃរបស់ខ្លួន ជាពិសេសយានយន្ត និងម៉ូតូឱ្យបានល្អិតល្អន់ ដើម្បីបង្ការ និងទប់ស្កាត់ កុំឱ្យជនខិលខូចមានឱកាសកើនចិត្តលោភលន់ និងធ្វើសកម្មភាពលួចប្លន់បានឡើយ៕



