(សៀមរាប)៖ នៅក្នុងបរិយាកាសដ៏កក់ក្តៅ និងពោរពេញដោយក្តីរំភើប នៃពិធីអបអរសាទរខួបអនុស្សាវរីយ៍ ៣០ឆ្នាំ នៃការបង្កើតមជ្ឈមណ្ឌលសិក្សាភាសាជប៉ុន យ៉ាម៉ាម៉ូតុ កាលពីព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប និងជាអតីតសិស្សជំនាន់ទី២ បានឡើងថ្លែងសន្ទរកថាបង្ហាញពីស្មារតីដឹងគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះមជ្ឈមណ្ឌល និងឥស្សរជនជាន់ខ្ពស់ដែលបានផ្តល់គ្រឹះចំណេះដឹង និងវិន័យការងារដ៏រឹងមាំដល់រូបលោក។
ពិធីដ៏មហោឡារិកនេះ បានប្រព្រឹត្តទៅក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម អ្នកឧកញ៉ា បណ្ឌិត សៀង ណាំ តំណាងរាស្ត្រមណ្ឌលខេត្តសៀមរាប, ឯកឧត្តម Atsushi Yonezawa ប្រធានការិយាល័យកុងស៊ុលជប៉ុនប្រចាំខេត្តសៀមរាប, លោក លី ប៊ុណ្ណា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត, លោក គង់ សឿន អនុប្រធានមន្ទីរទេសចរណ៍ខេត្ត, លោក Yamamoto Sota ស្ថាបនិកបន្តវេន ព្រមទាំងលោកគ្រូ អ្នកគ្រូ និងអតីតសិស្សជាច្រើនរូប។
ថ្លែងនៅក្នុងពិធីនោះ លោកឧត្តមសេនីយ៍ទោ ហួត សុធី បានសម្តែងនូវការដឹងគុណឥតឧបមាជូនចំពោះ លោក Yamamoto Muneo អតីតស្ថាបនិកអង្គការយ៉ាម៉ាម៉ូតុ, លោក Yamamoto Sota ព្រមទាំង ឯកឧត្តម អ្នកឧកញ៉ា បណ្ឌិត សៀង ណាំ និងលោកជំទាវ ដែលបានជួយជ្រោមជ្រែងឧបត្ថម្ភគាំទ្រដល់មជ្ឈមណ្ឌលនេះតាំងពីដើមរៀងមក។ លោកស្នងការបានគូសបញ្ជាក់ថា ទីកន្លែងនេះមិនត្រឹមតែជាថ្នាក់រៀនភាសាប៉ុណ្ណោះទេ ប៉ុន្តែគឺជាថ្នាលបណ្តុះបណ្តាលសីលធម៌ វិន័យខ្ពស់ និងវប្បធម៌ការងារដ៏ល្អប្រពៃរបស់ជប៉ុន ដែលបានសាងគ្រឹះយ៉ាងរឹងមាំសម្រាប់រូបលោកផ្ទាល់ និងយុវជនកម្ពុជារាប់រយនាក់ទៀត។
លោកស្នងការបានរំលឹកពីអតីតកាលដោយក្តីមោទនភាពថា មុនពេលក្លាយជាមន្ត្រីនគរបាលជាន់ខ្ពស់ និងធ្លាប់កាន់តំណែងជាស្នងការនគរបាលខេត្តចំនួនពីរ (ខេត្តឧត្តរមានជ័យ និងខេត្តសៀមរាប) លោកធ្លាប់ជាមគ្គុទ្ទេសក៍ទេសចរណ៍ភាសាជប៉ុន ដែលទទួលបានការបណ្តុះបណ្តាល និងឱកាសការងារពីមជ្ឈមណ្ឌលមួយនេះ។ លោកបានសង្កត់ធ្ងន់ថា ជោគជ័យក្នុងអាជីពបម្រើជាតិ សាសនា ព្រះមហាក្សត្រ នាពេលបច្ចុប្បន្ន គឺមានចំណែកយ៉ាងធំធេងមិនអាចកាត់ថ្លៃបានពីការអប់រំទូន្មានរបស់មជ្ឈមណ្ឌលភាសាជប៉ុន យ៉ាម៉ាម៉ូតុ។
សូមបញ្ជាក់ថា មជ្ឈមណ្ឌលសិក្សាភាសាជប៉ុន យ៉ាម៉ាម៉ូតុ ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៩៩៦ ដោយបានផ្តល់អាហារូបករណ៍សិក្សាភាសាជប៉ុនដោយឥតគិតថ្លៃ ព្រមទាំងមានប្រាក់ឧបត្ថម្ភអាហារដល់សិស្សានុសិស្សថែមទៀតផង។ គិតមកទល់បច្ចុប្បន្ន មជ្ឈមណ្ឌលបានបណ្តុះបណ្តាលសិស្សបញ្ចប់ការសិក្សាចំនួន ៧០១នាក់ និងកំពុងសិក្សាចំនួន ៤៥នាក់ ដោយបានចូលរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍធនធានមនុស្ស និងរឹតចំណងមិត្តភាពកម្ពុជា-ជប៉ុន ឱ្យកាន់តែរឹងមាំ៕






