(សៀមរាប)៖ កុមារៗ និងសិស្សានុសិស្សជាច្រើនរយនាក់នៅបរិវេណសាលាបឋមសិក្សាកំពង់ភ្លុក ទទួលបាននូវភាពកក់ក្តៅ និងស្នាមញញឹមយ៉ាងក្រៃលែង តាមរយៈយុទ្ធនាការមនុស្សធម៌ទ្រង់ទ្រាយធំមួយ ដែលផ្តួចផ្តើម និងដឹកនាំផ្ទាល់ដោយ លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប ក្នុងការចុះអប់រំផ្សព្វផ្សាយ ពិនិត្យសុខភាពមាត់ធ្មេញ ចែកសម្ភារៈសិក្សា ព្រមទាំងរៀបចំអាហារថ្ងៃត្រង់ហូបជុំគ្នាយ៉ាងសប្បាយរីករាយ។ សកម្មភាពមនុស្សធម៌ដ៏ស្អិតរមួតរវាងកងកម្លាំងប្រដាប់អាវុធ ជាមួយនឹងវិស័យឯកជននេះ ត្រូវបានធ្វើឡើងកាលពីថ្ងៃចន្ទ ទី១៣ ខែកក្កដា ឆ្នាំ២០២៦ ម្សិលមិញនេះ ស្ថិតក្នុងភូមិកោកក្តុល ឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

នៅក្នុងឱកាសចុះបំពេញបេសកកម្មមនុស្សធម៌នោះ លោកឧត្តមសេនីយ៍ត្រី សៀ ទីន បានដឹកនាំកម្លាំងអាវុធហត្ថខេត្តសៀមរាប ចុះជួយសម្របសម្រួល រក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងសហការយ៉ាងជិតស្និទ្ធជាមួយ ក្រុមគ្រូពេទ្យធ្មេញគីម សាន ដើម្បីរៀបចំកម្មវិធីអប់រំ និងពិនិត្យសុខភាពមាត់ធ្មេញជូនដល់សិស្សានុសិស្សដោយឥតគិតថ្លៃ។ ក្រៅពីការពិនិត្យ និងព្យាបាលបឋម ក្រុមការងារក៏បានពន្យល់ណែនាំអំពីវិធីសាស្ត្រថែទាំធ្មេញឱ្យបានត្រឹមត្រូវ ដើម្បីបង្ការជំងឺផ្សេងៗតាំងពីវ័យកុមារ។

ទន្ទឹមនឹងការយកចិត្តទុកដាក់លើសុខភាព លោកមេបញ្ជាការ សៀ ទីន ក៏បាននាំយកនូវសម្ភារៈសិក្សាសំខាន់ៗជាច្រើន រួមមានសៀវភៅ ប៊ិច និងឧបករណ៍សិក្សាផ្សេងៗ ចែកជូនដល់ដៃកុមារៗម្នាក់ៗ ដើម្បីជាការលើកទឹកចិត្ត និងជួយសម្រាលបន្ទុកចំណាយខ្លះរបស់អាណាព្យាបាលសិស្សដែលរស់នៅក្នុងតំបន់ទឹកលិចកំពង់ភ្លុកនេះ។

បន្ទាប់ពីបញ្ចប់ការពិនិត្យសុខភាព និងចែកសម្ភារៈសិក្សានៅពេលព្រឹក រហូតដល់វេលាថ្ងៃត្រង់ លោកឧត្តមសេនីយ៍ត្រី សៀ ទីន ក៏បានបន្តចាប់ដៃសហការជាមួយ ក្រុមហ៊ុន TEMPLE GROUP តំណាងដោយ លោក លី ម៉េង និងលោកស្រីលី គឹមមុី នាយកក្រុមហ៊ុន ព្រមទាំងសហការីទាំងអស់ ក្នុងការរៀបចំអាហារថ្ងៃត្រង់ដ៏មានឱជារសមួយពេល ជូនដល់លោកនាយក លោកគ្រូ អ្នកគ្រូ កុមារៗសិស្សានុសិស្ស ក៏ដូចជាក្រុមគ្រូពេទ្យធ្មេញ គីម សាន បានពិសាហូបជុំគ្នាយ៉ាងស្និទ្ធស្នាលបំផុត។

ទិដ្ឋភាពនៃការហូបអាហារជុំគ្នា រវាងកងកម្លាំងអាវុធហត្ថ គ្រូពេទ្យ អាជ្ញាធរអប់រំ វិស័យឯកជន និងសិស្សានុសិស្ស បានបង្កើតឡើងនូវរូបភាពដ៏កក់ក្តៅ និងបង្ហាញពីការសាមគ្គីភាពយ៉ាងស្អិតរមួតរវាងស្ថាប័នរដ្ឋ និងឯកជន ក្នុងការយកចិត្តទុកដាក់ចំពោះអនាគតកុមារកម្ពុជា។

ថ្លែងនៅក្នុងកម្មវិធីនោះ លោកនាយកសាលា និងតំណាងអាជ្ញាធរឃុំកំពង់ភ្លុក បានសម្តែងនូវការគោរពដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ ទឹកចិត្តមនុស្សធម៌ដ៏ទូលំទូលាយរបស់ លោកឧត្តមសេនីយ៍ត្រី សៀ ទីន ដែលតែងតែឆ្លៀតពេលវេលាដ៏មមាញឹក នាំយកនូវក្តីសង្ឃឹម សម្ភារៈសិក្សា សេវាសុខាភិបាល និងអាហារដ៏ឆ្ងាញ់ពិសា មកផ្តល់ជូនកុមារៗនៅតំបន់ដាច់ស្រយាលនេះ ដែលជាកាយវិការគំរូដ៏ថ្លៃថ្លាសម្រាប់សង្គមជាតិ៕

