(ភ្នំពេញ)៖ រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា តាមរយៈមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះប្រជាជន និងរដ្ឋាភិបាលនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់ជំនួយឥតសំណងគាំទ្រដល់វិស័យសកម្មភាពមីននៅកម្ពុជាចាប់តាំងពីឆ្នាំ១៩៩២ រហូតមកដល់បច្ចុប្បន្ន ដែលបានជួយសង្គ្រោះជីវិតពលរដ្ឋកម្ពុជារាប់ម៉ឺននាក់ និងរំដោះដីធ្លីសម្រាប់ការអភិវឌ្ឍ។

ការថ្លែងអំណរគុណនេះត្រូវបានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារ និងជម្រាបលាផ្លូវការរវាង ឯកឧត្តម ហេង រតនា សមាជិករាជរដ្ឋាភិបាល និងជាអគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) ជាមួយ ឯកឧត្តម Stefan Anton Messerer ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ប្រចាំព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃចន្ទ ទី១៣ ខែកក្កដា ឆ្នាំ២០២៦ នេះ នៅទីបញ្ជាការដ្ឋាន CMAC រាជធានីភ្នំពេញ ក្នុងឱកាសដែលឯកឧត្តមទូតត្រូវបញ្ចប់អាណត្តិបេសកកម្មការទូតនៅកម្ពុជា។
នៅក្នុងជំនួបដ៏មានអត្ថន័យនោះ ភាគីទាំងពីរបានសង្កត់ធ្ងន់ទៅលើកិច្ចសហប្រតិបត្តិការដ៏យូរអង្វែង ពិសេសដៃគូយុទ្ធសាស្ត្ររវាងអាល្លឺម៉ង់ និងអង្គភាព CMAC ក្នុងការរំដោះទឹកដីកម្ពុជាពីគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ។ ចាប់តាំងពីឆ្នាំ១៩៩២ មក ប្រទេសអាល្លឺម៉ង់គឺជាម្ចាស់ជំនួយទ្វេភាគីដ៏ធំបំផុតមួយ ដែលបានផ្តល់ថវិការាប់សិបលានអឺរ៉ូ ព្រមទាំងបច្ចេកវិទ្យាទំនើបៗ ដើម្បីគាំទ្រដល់ប្រតិបត្តិការបោសសម្អាតមីនរបស់ CMAC សំដៅសម្រេចឱ្យបាននូវគោលដៅ «កម្ពុជាគ្មានមីន»។
ជាមួយគ្នានេះ ឯកឧត្តម Stefan Anton Messerer ក៏បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលអាល្លឺម៉ង់ ក្នុងការបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំបន្ថែមទៀតនាពេលអនាគត។

ចំណុចគួរឱ្យចាប់អារម្មណ៍មួយទៀតនៅក្នុងជំនួបនេះគឺ ភាគីទាំងពីរបានលើកយកមកពិភាក្សាអំពីបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ នាពេលកន្លងទៅ ដែលក្នុងនោះភាគីថៃ (សៀម) បានប្រើប្រាស់អាវុធយុទ្ធភណ្ឌយ៉ាងច្រើនសន្ធឹកសន្ធាប់វាយប្រហារមកលើគោលដៅស៊ីវិលរបស់កម្ពុជា ជាពិសេសគឺការប្រើប្រាស់គ្រាប់បែកចង្កោម (Cluster Munitions) ដែលជាអាវុធត្រូវបានហាមឃាត់ជាអន្តរជាតិ។
ឯកឧត្តម ហេង រតនា បានជម្រាបជូនឯកអគ្គរដ្ឋទូតអាល្លឺម៉ង់យ៉ាងលម្អិតអំពីផលប៉ះពាល់ដ៏ធ្ងន់ធ្ងរ និងទំហំបញ្ហានៃសំណល់យុទ្ធភណ្ឌទាំងនោះដែលនៅសេសសល់លើទឹកដីកម្ពុជា ដែលបង្កការគំរាមកំហែងដល់សន្តិសុខ និងការរស់នៅរបស់ប្រជាពលរដ្ឋស្លូតត្រង់។ ជាការឆ្លើយតប ឯកឧត្តម Stefan Anton Messerer បានសម្តែងការគាំទ្រយ៉ាងពេញទំហឹងចំពោះជំហរដ៏ម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ដែលតែងតែរក្សាភាពអត់ធ្មត់ខ្ពស់ និងព្យាយាមដោះស្រាយរាល់បញ្ហាជម្លោះព្រំដែនដោយសន្តិវិធី តាមរយៈការចរចា និងការគោរពវិធានច្បាប់អន្តរជាតិ។

