(សៀមរាប)៖ គ្រោះធម្មជាតិភ្លៀងធ្លាក់លាយឡំជាមួយខ្យល់កន្ត្រាក់យ៉ាងខ្លាំង បានវាយប្រហារភូមិសាស្ត្រក្រុងសៀមរាប បង្កឱ្យមានការខូចខាតផ្ទះសម្បែងរបស់ប្រជាពលរដ្ឋ សម្ភារៈប្រើប្រាស់ និងរលំដើមឈើបិទផ្លូវជាច្រើនកន្លែង។ ភ្លាមៗនោះ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានដឹកនាំបញ្ជាផ្ទាល់ដល់កម្លាំងត្រៀមអន្តរាគមន៍គ្រោះមហន្តរាយ ចុះជួយសង្គ្រោះ និងសម្រួលការលំបាកជូនប្រជាពលរដ្ឋនៅតាមបណ្តាសង្កាត់រងគ្រោះទាំងនោះជាបន្ទាន់។

យោងតាមរបាយការណ៍បឋមរបស់ក្រុមការងារត្រៀមអន្តរាគមន៍គ្រោះមហន្តរាយ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឱ្យដឹងថា ហេតុការណ៍គ្រោះធម្មជាតិនេះបានកើតឡើងកាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង ១៤:៣០នាទីរសៀល ដោយបានបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរនៅក្នុងភូមិសាស្ត្រសង្កាត់ចំនួន ០៥ នៃក្រុងសៀមរាប។
ព័ត៌មានលម្អិតជុំវិញទំហំនៃការខូចខាតនៅតាមសង្កាត់នីមួយៗ៖
១.សង្កាត់ស្រង៉ែ (រងគ្រោះធ្ងន់ធ្ងរជាងគេ)៖ បណ្តាលឱ្យរបើកដំបូលផ្ទះស័ង្កសី និងក្បឿងចំនួន ៣៣ខ្នងផ្ទះ ព្រមទាំងមានដើមឈើធំៗបាក់រលំកាត់ទទឹងផ្លូវចំនួន ៥ដើម បង្កការកកស្ទះចរាចរណ៍។
២.សង្កាត់ក្របីរៀល៖ បណ្តាលឱ្យដួលរលំផ្ទះប្រជាពលរដ្ឋទាំងស្រុងចំនួន ៤ខ្នង និងរបើកដំបូលស័ង្កសីរួមទាំងរលំសំយាបផ្ទះចំនួន ១ខ្នងបន្ថែមទៀត។
៣.សង្កាត់ស្វាយដង្គំ៖ បណ្តាលឱ្យបាក់ដើមឈើ ៣ដើម (ក្នុងនោះមានដើមឈើបាក់សង្កត់លើ PassApp ចំនួន ១គ្រឿង បណ្តាលឱ្យខូចខាតដំបូលទាំងស្រុង) រួមទាំងដួលរលំតូបលក់ដូរធ្វើពីឈើប្រក់ស័ង្កសីចំនួន ១តូប, រលំផ្ទាំងប៉ាណូផ្សព្វផ្សាយចំនួន ១ និងដួលផ្លាកយីហោអាជីវកម្មចំនួន ១កន្លែង។
៤.សង្កាត់គោកចក៖ បណ្តាលឱ្យបាក់រលំដើមឈើចំនួន ៣ដើម សង្កត់បំផ្លាញបន្ទប់ទឹក និងផ្ទះបាយរបស់ពលរដ្ឋខូចខាតទាំងស្រុងចំនួន ៣កន្លែង ព្រមទាំងដួលរលំផ្លាកគណបក្សភ្លើងទៀនចំនួន ២ផ្លាក។
៥.សង្កាត់ជ្រាវ៖ បណ្តាលឱ្យរបើកដំបូលស័ង្កសី និងក្បឿងផ្ទះពលរដ្ឋចំនួន ៤ខ្នង។

តួលេខសរុបនៃការខូចខាតរួមមាន៖
ផ្ទះរលំទាំងស្រុង៖ ០៤ ខ្នង
ផ្ទះរបើកដំបូល និងសំយាប៖ ៣៨ ខ្នង
បាក់រលំដើមឈើ៖ ១២ ដើម
ខូចខាតបន្ទប់ទឹក និងផ្ទះបាយទាំងស្រុង៖ ០៣ កន្លែង
ខូចខាតដំបូល PassApp៖ ០១ គ្រឿង
រលំតូបលក់ដូរ៖ ០១ តូប
រលំផ្ទាំងប៉ាណូ និងផ្លាកយីហោ៖ ០២ ផ្លាក
រលំផ្លាកគណបក្សនយោបាយ៖ ០២ ផ្លាក
ជា សំណាងល្អបំផុត នៅក្នុងគ្រោះមហន្តរាយធម្មជាតិដ៏ធ្ងន់ធ្ងរខាងលើនេះ គឺមិនមានគ្រោះថ្នាក់ដល់អាយុជីវិតមនុស្ស ឬបង្កឱ្យរងរបួសឡើយ។
ឆ្លើយតបនឹងការលំបាកនេះ កម្លាំងអន្តរាគមន៍គ្រោះមហន្តរាយនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បាននិងកំពុងបន្តសហការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីកាត់ស្ទះដើមឈើដែលរលំបាំងផ្លូវ បោសសម្អាតកម្ទេចកម្ទី និងជួយរុះរើ សាងសង់ជម្រកបណ្តោះអាសន្នជូនបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះ ដើម្បីអាចមានកន្លែងស្នាក់នៅ និងមានសុវត្ថិភាពឡើងវិញបានទាន់ពេលវេលា៕

