(​ស្វាយរៀង) ៖ ជនសង្ស័យម្នាក់ដែលកាប់ជនរងគ្រោះក្នុងវង់ផឹកស៊ីនៅស្រុករមាសហែក ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានហើយ នៅព្រឹកថ្ងៃទី២០ខែមេសា ឆ្នាំ២០២៥ បន្ទាប់ពីសមត្ថកិច្ចបានធ្វើការស្រាវជ្រាវ ហើយឃាត់ខ្លួនបានក្នុងទឹកដីខេត្តព្រៃវែង និងបញ្ជូនមកអធិការដ្ឋាននគរបាលស្រុករមាសហែក ដើម្បីធ្វើការសួរនាំបន្ត។

សូមរំលឹកដែរថា មានករណីឃាតកម្មបុរសម្នាក់បានដើរចូលក្នុងវង់ផឹកស៊ីហើយកាប់ជនរងគ្រោះម្នាក់បណ្ដាលឱ្យស្លាប់កាលពីវេលាម៉ោង១១ និង០០ នាទីយប់ថ្ងៃទី១៨ខែមេសា ឆ្នាំ២០២៥ស្ថិតនៅក្នុងភូមិ ព្រៃសត្វ ឃុំ សម្បត្តិមានជ័យ ស្រុក រមាសហែក ខេត្តស្វាយរៀង​។

យោងតាមសមត្ថកិច្ច បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះឌឹម វណ្ណី អាយុ ៤៧ឆ្នាំមុខរបរធ្វើស្រែមានទីរំនៅនៅភូមិ ព្រៃសត្វ ឃុំ សម្បត្តិមានជ័យ ស្រុក រមាសហែក​ខេត្តស្វាយរៀង​ ចំណែកជនសង្ស័យមានឈ្មោះ មឿង ធារ៉ា ភេទប្រុស អាយុ ៣៨ឆ្នាំ ជាមនុស្សសរសៃប្រសាទរស់នៅភូមិ ព្រៃសង្គម ឃុំច្រេស ស្រុកមេសាង ខេត្តព្រៃវែង។

សមត្ថកិច្ច បានឲ្យដឹងទៀតថា កាលពីវេលាម៉ោង ១២ថ្ងៃត្រង់ នៅផ្ទះកើតហេតុត្រូវជាបងប្រុសរបស់ជនរងគ្រោះបានជួបជុំផឹកស៊ីជាមួយអ្នកជិតខាង ៦ទៅ ៧នាក់ រហូតដល់យប់ក៏ឈប់ផឹកស៊ី ចំណែកម្ចាស់ផ្ទះស្រវឹងក៏ឡើងទៅដេក នៅតែភ្ញៀវនាំគ្នាអង្គុយជជែកគ្នាលេងបន្ត។

ប្រភព បានបន្តថា ចំណែកជនរងគ្រោះត្រូវជាប្អូនម្ចាស់ផ្ទះក៏អង្គុយលេងកំដរភ្ញៀវរហូតដល់ម៉ោង១១យប់ ស្រាប់តែជនសង្ស័យដើរចូលមកទាញពូថៅវាយជនរងគ្រោះពីក្រោយមួយពូថៅបណ្ដាលឲ្យដួលរួចកាប់យ៉ាងរន្ធើនជាច្រើនពូថៅចំក្បាលពីក្រោយបណ្ដាលឱ្យផុងរលាក្បាលស្លាប់ភ្លាមៗក្នុងត្លុកឈាមតែម្ដង។ចំណែកជនសង្ស័យក្រោយពីធ្វើសកម្មភាពរួចបានរត់គេចខ្លួនបាត់ស្រមោលភ្លាមៗផងដែរ។

ប្រភពបន្ត ថាជនសង្ស័យមានជំងឺសរសៃប្រសាទជាង ១០ឆ្នាំមកហើយ ក៏ប៉ុន្តែគ្មានសំបុត្របញ្ជាក់ពីគ្រូពេទ្យនោះទេ មនុស្សនេះបែកស្ទើរឆ្កួតស្ទើរជាហើយត្រូវប្រពន្ធលែងលះទៅរស់នៅក្នុងវត្ត ក្នុងស្រុកមេសាង ខេត្តព្រៃវែង។ ជនសង្ស័យមានប្រពន្ធនៅភូមិឃុំកើតហេតុខាងលើក្រោយពីប្រពន្ធលែងលះមក ជនសង្ស័យចេញទៅនៅឯស្រុកកំណើត ហើយបានចេញចូលមករកបងប្រុសនៅក្នុងភូមិកើតហេតុជារឿយៗផងដែរ។

សមត្ថកិច្ច បានបន្តថា មួយរយៈចុងក្រោយនេះជនសង្ស័យបានបាត់ខានចូលភូមិយូរឆ្នាំមកហើយទើបតែឃើញជនសង្ស័យចូលមកក្នុងភូមិកើតហេតុកាលពីវេលាម៉ោង​២និង០០នាទីរសៀលថ្ងៃទី១៨​ ខែមេសានេះ​ ដើរចូលមកកន្លែងជនរងគ្រោះផឹកស៊ីដោយមិននិយាយស្ដីអ្វីនោះទេ​ បន្ទាប់មកក៏ដើរចេញទៅវិញបាត់ទៅស្រាប់តែដល់ម៉ោង​ ១១យប់បានត្រឡប់មកវិញចូលកាប់ប្រហារជនរងគ្រោះតែម្ដង។

ក្រោយពីសមត្ថកិច្ចធ្វើកោសល្យវិច្ច័យ សមត្ថកិច្ចបានប្រគល់សពជនរងគ្រោះឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីចំណែកជនសង្ស័យកំពុងតែសាកសួរបន្តអនុវត្តទៅតាមផ្លូវច្បាប់ផងដែរ៕

By MLC TV

នេះជាគណនីដើម្បីផុសព័ត៌មាន

Leave a Reply

Your email address will not be published. Required fields are marked *

You missed