(បន្ទាយមានជ័យ) ៖ នៅវេលាម៉ោង ០១និង៣០នាទី ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៥ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានទទួលព័ត៌មានពីក្រុមសង្គ្រោះក្រុងប៉ោយប៉ែត និងប្រជាពលរដ្ឋ ថា មានក្មេងទំនើង០១ក្រុម មានកាន់កាំបិត ជិះម៉ូតូតាមផ្លូវ នៅចំណុចម្ដុំរោងចក្រឌីស ស្ថិតក្នុងភូមិផ្សារកណ្ដាល សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
ភ្លាមៗនោះ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ចុះដល់កន្លែងកើតហេតុ បានធ្វើការឃាត់ខ្លួនបានចំនួន០២នាក់ ១-ឈ្មោះ ខ្លម វិចិត្រ ភេទប្រុស អាយុ ២០ឆ្នាំ, ២-ឈ្មោះ មុំ រ៉ាម៉ៅ ភេទប្រុស អាយុ ១៨ឆ្នាំ ព្រមទាំងចាប់យកវត្ថុតាងកាំបិតខ្វែវដងឈើ ប្រវែង ៩៥សង់ទីម៉ែត្រ ចំនួន០១ដើម និងម៉ូតូ០១គ្រឿង ហើយនាំមកមូលដ្ឋានក្រុង ដើម្បីសួរនាំ និងចាត់ការតាមនីតិវិធី ។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានឱ្យដឹងថា ក្រោយឃាត់ខ្លួន និងសួរនាំរួច ជនសង្ស័យបានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានកាន់កាំបិតខ្វែវពិតប្រាកដមែន ។ មូលហេតុដោយសារមានក្មេងទំនើងមួយក្រុមទៀតមករករឿងពួកខ្លួន ។
ដោយផ្អែកល់ចម្លើយសារភាព និងមានវត្ថុតាងជាក់ស្តែង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង កសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ចាត់ការបន្តតាមនីតិវិធី ។
លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស បានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ផងដែរ ។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌកងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្តហើយ នៅព្រឹកថ្ងៃពុធ ទី០២ ខែមេសា ឆ្នាំ២០២៥នេះ ដើម្បីអនុវត្តតាមនីតិវិធី ៕

