សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ (Donald Trump) បានប្រកាសថា សហរដ្ឋអាម៉េរិក នឹងចាប់ផ្តើមគិតពន្ធប្រមាណជា ១០០% លើផលិតផលបន្ទះឈីបពីបរទេសទាំងអស់ដែលនាំចូលទៅកាន់ទីផ្សារអាម៉េរិក ។
ប្រមុខដឹកនាំកំពូលរូបនេះ បានរៀបរាប់យ៉ាងដូច្នេះទៅកាន់អ្នកសារព័ត៌មាននៅឯការិយាល័យអូវ៉ល (Oval) កាលពីថ្ងៃពុធ (ទី៦ ខែសីហា) ។
ពន្ធថ្មីនេះ នឹងអនុវត្តចំពោះផលិតផលបន្ទះឈីប និងឧបករណ៍អេឡិចត្រូនិកទាំងអស់ដែលនាំចូលពីបរទេស។ ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុនដែលបានចុះកិច្ចសន្យារួចហើយថានឹងសាងសង់រោងចក្រផលិតនៅសហរដ្ឋអាម៉េរិក ឬកំពុងស្ថិតក្នុងដំណើរការសាងសង់ នឹងមិនរងផលប៉ះពាល់ពីការយកពន្ធគយថ្មីនេះទេ ។
លោកប្រធានាធិបតីត្រាំ (Trump) បានពន្យល់បន្ថែមទៀតថា គោលបំណងនៃវិធានការថ្មីនេះ ធ្វើឡើងគឺដើម្បីលើកទឹកចិត្តដល់ក្រុមហ៊ុននានាក្នុងការផលិតបន្ទះឈីប នៅក្នុងទឹកដីសហរដ្ឋអាម៉េរិក ជាជាងពឹងផ្អែកលើការផ្គត់ផ្គង់ពីប្រទេសខាងក្រៅ ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ Reuters Connect | រូបភាព៖ Reuters/ Shutterstock

