មណ្ឌលគិរី៖ យ៉ាងហោចណាស់មានមនុស្សពីរនាក់បានបាត់បង់ជីវិត ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ពីរករណីផ្សេងគ្នានៅស្រុកកែវសីមា និងស្រុកកោះញែក កាលពីល្ងាចថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ ។
សេចក្តីរាយការណ៍បានឲ្យដឹងថា នៅវេលាម៉ោង ១៦ និង២០ នាទី ថ្ងៃទី ២៤ ខែមីនា ឆ្នាំ២០២៥ នៅចំណុចឆ្កែអើត ផ្លូវឆ្ពោះទៅព្រំដែនកម្ពុជា វៀតណាម ស្ថិតនៅភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងម៉ូតូ និងរថយន្ត បើកបរបញ្ច្រាសទិសគ្នា ដោយម៉ូតូបើកបរពីជើងទៅត្បូង។ ចំណែករថយន្តបើកបរពីត្បូងទៅជើង។អ្នកបើកបរម៉ូតូឈ្មោះ ចិត្ត បញ្ញា ភេទប្រុស អាយុ ២៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ ស្លាប់នៅនឹងកន្លែងកើតហេតុ បើកបរមូតូម៉ាកវេវឆ្លាម ពណ៌ទឹកសមុទ្រ គ្មានពាក់ស្លាកលេខ មិនមានមួកសុវត្ថិភាព។ រីឯអ្នកបើកបររថយន្ត ជាជនជាតិវៀតណាម បានគេចចេញពីកន្លែងកើតហេតុបន្សល់ទុករថយន្តម៉ាក ហ្វ៊តរាបទ័រ ពណ៌ប្រផេះ ពាក់ស្លាកលេខ 93A-240.30 រថយន្តវៀតណាម។
បើតាមសមត្ថកិច្ច បញ្ជាក់ថា មូលហេតុបណ្តាលមកពី អ្នកបើកបរម៉ូតូវេវឆ្លាម ផ្លូវកោងបើកបរល្បឿងលឿនចូលគន្លងផ្លូវរថយន្ត ដែលជិះបញ្ច្រាសទិសគ្នាដែល បណ្ដាលឲ្យមានគ្រោះថ្នាក់ចរាចរណ៍កើតឡើង។
ដោយឡែកករណីមួយទៀតបានកើតឡើងនៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង១៨ និង៤៥នាទី មានករណី គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូ បើកបរទិសដៅបញ្ច្រាស់ទិសគ្នាពីកើតទៅលិច នៅចំណុចមុខដេប៉ូលក់គ្រឿងសំណង់ ចាន់នី សុខណា លើផ្លូវជាតិលេខ៧៦ ចន្លោះគីឡូម៉ែត្រលេខ២១៧-២១៨ ស្ថិតនៅភូមិរង្សី ឃុំស្រែសង្គម ស្រុកកោះញែក ។
សេចក្តីរាយការណ៍បានឲ្យដឹងថា អ្នកបើកបររថយន្តឈ្មោះ ហួ ភេទប្រុស ជនជាតិខ្មែរជាអាជីវកររស់នៅភូមិអូយ៉េះ ឃុំស្រែសង្គម ស្រុកកោះញែក បានរត់គេចខ្លួនបាត់បន្សល់ទុករថយន្តនៅនឹងកន្លែងកើតហេតុ រថយន្តម៉ាកល្សុចស៊ីស ពណ៍ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AC-5800 ទិសដៅពី កើត ទៅលិច ។ ចំណែកអ្នកបើកបរម៉ូតូឈ្មោះ ឆាន ដារ៉ា ភេទប្រុស អាយុ១៨ឆ្នាំ ជាសិស្សរស់នៅភូមិអូរយ៉េះ ស្លាប់នៅនឹងកន្លែងកើតហេតុ បើកម៉ូតូ ម៉ាកទ្រីម C125 ពណ៌ខ្មៅ ស្លាកលេខគ្មាន អត់ពាក់មួកសុវត្ថិភាព ទិសដៅពីលិចទៅកើត និងមានអ្នករួមដំណើរលើម៉ូតូឈ្មោះ ដុង ដានី ភេទស្រី អាយុ១៧ឆ្នាំ ជាកសិករ រស់នៅភូមិសេរីមានរិទ្ធ ឃុំស្រែសង្គម រងរបួសធ្ងន់បាក់ជើងទាំងសងខាង ពកក្បាលខាងក្រោយ បញ្ជួនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តមណ្ឌលគិរី ។
សមត្ថកិច្ចបានបញ្ជាក់ថា មូលហេតុមកពីរថយន្តពេលបើកមកដល់កន្លែងកើតហេតុរកបត់ចូលផ្ទះបណ្ដាលឲ្យម៉ូតូជិះ ផ្លូវត្រង់មកបុក ទើបបណ្ដាលឲ្យមានគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើង៕

