សៀមរាប៖ អាជ្ញាធរខេត្តសៀមរាប និងអង្គការទស្សនៈពិភពលោក បានចាប់ផ្តើមនូវយុទ្ធនាការមួយដែលមានមានឈ្មោះថា “គ្រប់គ្រាន់” ដែលយុទ្ធនាការនេះ ជាការបំផុសចលនាដើម្បីកុមារកម្ពុជា ទទួលបានជីវជាតិ និងអាហារគ្រប់គ្រាន់។
ថ្លែងក្នុងពិធីបើកយុទ្ធនាការ នារសៀលថ្ងៃទី២៤ ខែ មីនា ឆ្នាំ២០២៥នេះ លោក ជេនេស អ៊ីម៉ានូអែល ហ្គីនទីញ នាយកអង្គការទស្សនៈពិភពលោកអន្តរជាតិ ប្រចាំនៅកម្ពុជា បានលើកឡើងថា បច្ចុប្បន្នអង្គការទស្សនៈពិភពលោក បានសហការជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងអ្នកពាក់ព័ន្ធ ក្នុងការឆ្លើយតបយ៉ាងសកម្ម ទៅនឹងសុខុមាលភាពកុមារកម្ពុជានៅតាមមូលដ្ឋាន និងសហគមន៍ឱ្យបានសមស្របតាម រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ បានដាក់ចេញនូវយុទ្ធសាស្ត្រ បញ្ចកោណដំណាក់កាលទី១ ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព កសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ សំដៅបន្តពង្រឹងតួនាទី និងការអភិវឌ្ឍវិស័យកសិកម្មឱ្យទំនើប សម្បូរបែប និងមានភាពធន ដែលគាំទ្រដល់ការអភិវឌ្ឍជនបទសំដៅធានាសន្តិសុខស្បៀង និងសុវត្ថិភាពស្បៀង បង្កើនតម្លៃបន្ថែមខ្ពស់ ជំរុញភាពប្រកួតប្រជែង និងលើកកម្ពស់គុណភាពជីវភាពនៅជនបទផងដែរ ។
លោកក៏បានបន្ដថា តាមការបង្ហាញថា បាយ និងស្ករបានគ្រប់ដណ្តប់ជិត ៨០% នៃ បរិមាណកាឡូរី ដែលធ្វើឱ្យរបបអាហារខ្វះសារធាតុចិញ្ចឹមសំខាន់ៗ ប្រហែល ៤២% នៃកុមារ អាយុ ៦-២០ ខែ ទទួលបានរបបអាហារដែលអាចទទួលយកបានតិចតួចបំផុត ។
ចំណែកលោក លី សារី អភិបាលរងខេត្តសៀមរាប បានថ្លែងបញ្ជាក់ថា ការលើកយកប្រធានបទ “ជីវជាតិគ្រប់គ្រាន់ អាហារគ្រប់គ្រាន់” និងការធ្វើបទបង្ហាញអំពីគោលបំណង នៃការរៀបចំបើកយុទ្ធនាការគ្រប់គ្រាន់ នាពេលនេះ គឺពិតជាមានសារៈសំខាន់ និងមានផែនការ ទិសដៅការងារច្បាស់លាស់ ក្នុងការឆ្លើយតបទៅនឹងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ។
លោកអភិបាលរងខេត្តបន្តថា បើទោះជាការបិរភោគបាយ និងស្ករ បានផ្តល់នូវកាឡូរីប្រមាណជា៨០% ប៉ុន្តែមិនបានឆ្លើយតបនូវបញ្ហាកង្វះអាហាររូបត្ថម្ភ ឬបញ្ជាក់នូវការទទួលបានអាហារចម្រុះ ដែលមានសារៈ សំខាន់សម្រាប់ការលូតលាស់ និងការអភិវឌ្ឍត្រឹមត្រូវ ជាពិសេសចំពោះកុមារតូចៗនោះទេ។ តាមការព្យាករណ៍ ការកើនឡើងនៃតម្លៃអាហារ ១០% នៅឆ្នាំ២០៣០ និង ២០% នៅឆ្នាំ២០៥០ ដោយសារការកើនឡើងនៃ ថ្លៃដើមធាតុចូលកសិកម្ម វិបត្តិហិរញ្ញវត្ថុសកល សង្គ្រាម និងការប្រែប្រួលអាកាសធាតុដែលអាចធ្វើឱ្យប្រជាជន ដែលងាយរងគ្រោះអាចជួបការលំបាកកាន់តែខ្លាំង ក្នុងការទទួលបានអាហារដែលមានជីវជាតិ។ កត្តាទាំងនេះ រួមចំណែកដល់អសន្តិសុខស្បៀង និងគម្រាមកំហែងដល់ស្ថានភាពអាហារូបត្ថម្ភរបស់ប្រជាពលរដ្ឋងាយរងគ្រោះ បំផុត ជាពិសេសស្ត្រី និងកុមារ។
លោកអភិបាលរងខេត្តសៀមរាបក៏បានថ្លែងអំពាវនាវដល់រដ្ឋបាលក្រុង ស្រុក មន្ទីរ-អង្គភាពជំនាញ ដៃគូ អភិវឌ្ឍ អង្គការសង្គមស៊ីវិល វិស័យឯកជន និងប្រជាពលរដ្ឋគ្រប់រូប សូមបន្តការយកចិត្តទុកដាក់ និងអនុវត្ត ភារកិច្ចរបស់ខ្លួនដើម្បីរួមគ្នាលុបបំបាត់បញ្ហាកង្វះអាហារូបត្ថម្ភគ្រប់ទម្រង់ សំដៅរួមចំណែកអភិវឌ្ឍន៍ធនមនុស្ស សង្គម បង្កើនប្រសិទ្ធភាពការងារ និងជំរុញកំណើនសេដ្ឋកិច្ចជាតិ ឈានឆ្ពោះទៅសម្រេចបានគោលដៅអភិវឌ្ឍន៍ ប្រកបដោយចិរភាពកម្ពុជាឆ្នាំ២០៣០ និងចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។
លោកថាទន្ទឹមនឹងនេះត្រូវចលនាប្រជាពលរដ្ឋឱ្យដាំដុះនិងចិញ្ចឹមសត្វជាលក្ខណៈគ្រួសារ តាមសហគមន៍ និង តាមសាលារៀន ដើម្បីបង្កើនភាពមានស្បៀងឱ្យបានគ្រប់គ្រាន់ទាំងបរិមាណ គុណភាព សុវត្ថិភាព និងធានាឱ្យមានប្រភពស្បៀងអាហារចម្រុះមុខច្រើនជាងមុន ដើម្បីបរិភោគ រួមមានគ្រាប់ធញ្ញជាតិ បន្លែ ផ្លែឈើ ត្រី សាច់ ស៊ុត ដែលសម្បូរទៅដោយសារជាតិចិញ្ចឹម និងបរិភោគទឹកមានសុវត្ថិភាព និងប្រតិបត្តិ អនាម័យ ដើម្បីទទួល បានអាហារូបត្ថម្ភ និងមានសុខភាពល្អ ជាពិសេសត្រូវបង្កើនចលនាយុវជនយល់ដឹងពី របៀបធ្វើម្ហូបអាហារខ្មែរ និងលើកកម្ពស់ការបរិភោគអាហារចម្រុះបែបប្រពៃណីខ្មែរ ដោយប្រើប្រាស់អំបិល ស្ករ ខ្លាញ់ និងសារធាតុបន្ថែម រសជាតិផ្សេងៗទៀតក្នុងកម្រិតសមល្មម និងគាំទ្រដល់អ្នកផលិតម្ហូបអាហារ ខ្មែរដែលសម្បូរសារជាតិ និងមាន សុវត្ថិភាព។
លោកអភិបាលរងខេត្តសៀមរាប បានបន្ដថា ជាពិសេសសូមបងប្អូនប្រជាពលរដ្ឋគ្រប់រូប រដ្ឋបាលមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ម្ចាស់ក្រុមហ៊ុនម្ចាស់សិប្បកម្ម អ្នកប្រកបមុខរបរអាជីវកម្មម្ហូបអាហារ ផ្សារទំនើប ភោជនីយដ្ឋាននានា រួមទាំងនៅតាម គ្រឹះស្ថានសិក្សា និងរមណីយដ្ឋានទេសចរណ៍ និងអ្នកលក់ដូរម្ហូបអាហារតាមដងផ្លូវ សូមចូលរួមទាំងអស់គ្នា ក្នុងការលើកកម្ពស់សុវត្ថិភាពម្ហូបអាហារ ដោយយកចិត្តទុកដាក់ខ្ពស់ក្នុងការផលិត កែច្នៃ រក្សាទុក និងចែកចាយ ផលិតផលម្ហូបអាហារ ទាំងម្ហូបអាហារស្រស់ និងឆ្អិនស្រាប់ ឱ្យមានអនាម័យល្អ មានសុវត្ថិភាព និងគុណភាព ស្របតាមស្តង់ដាបច្ចេកទេស និងលក្ខខណ្ឌតម្រូវស្តីពីអនាម័យ និងសុវត្ថិភាពម្ហូបអាហារផងដែរ៕

