ខេត្តបាត់ដំបង៖ នៅរសៀលថ្ងៃសុក្រ ទី៣០ខែមករា ឆ្នាំ 2026នេះ រដ្ឋបាលខេត្តបាត់ដំបង បានរៀបចំកម្មវិធីផ្សព្វផ្សាយយុទ្ធនាការ “និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ!” (Say No to Fake News!) ក្នុងអាគារE ដោយមានការចូលរួមជាអធិបតីភាពពី ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង ព្រមទាំងមានវត្តមាន លោក សុវណ្ណ វីទិត្យា ប្រធានមន្ទីរព័ត៌មានខេត្ត អនុប្រធានមន្ទីរ មន្ត្រីរាជការ និងអ្នកសារព័ត៌មានជាច្រើនរូប។
កម្មវិធីនេះរៀបចំឡើងក្នុងគោលបំណងបង្កើនការយល់ដឹងដល់សាធារណជន និងអ្នកសារព័ត៌មាន អំពីការប្រុងប្រយ័ត្នចំពោះព័ត៌មានក្លែងក្លាយ ដែលកំពុងរីករាលដាលតាមបណ្តាញសង្គម និងប្រព័ន្ធផ្សព្វផ្សាយផ្សេងៗ ដែលអាចបង្កផលប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សង្គម និងភាពជឿជាក់របស់សាធារណជន។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តម សុខ លូ បានលើកឡើងថា ព័ត៌មានក្លែងក្លាយ គឺជាបញ្ហាប្រឈមដ៏សំខាន់មួយក្នុងសង្គមសម័យឌីជីថល ហើយការទប់ស្កាត់ព័ត៌មានមិនពិត ត្រូវការការចូលរួមពីគ្រប់ភាគី ជាពិសេសអ្នកសារព័ត៌មាន ដែលមានតួនាទីសំខាន់ក្នុងការផ្សព្វផ្សាយព័ត៌មានត្រឹមត្រូវ មានប្រភពច្បាស់លាស់ និងទទួលខុសត្រូវចំពោះសង្គម។
ជាមួយគ្នានេះ លោកសុវណ្ណ វីទិត្យា ប្រធានមន្ទីរព័ត៌មានខេត្តបាត់ដំបង បានបញ្ជាក់ថា មន្ទីរព័ត៌មាននឹងបន្តសហការជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីពង្រឹងសមត្ថភាពអ្នកសារព័ត៌មាន និងជំរុញការផ្សព្វផ្សាយព័ត៌មានវិជ្ជមាន ព័ត៌មានពិតប្រាកដ ដើម្បីរួមចំណែកទប់ស្កាត់ព័ត៌មានក្លែងក្លាយឱ្យមានប្រសិទ្ធភាព។
កម្មវិធីផ្សព្វផ្សាយយុទ្ធនាការនេះ ត្រូវបានចាត់ទុកថាជាជំហានសំខាន់មួយ ក្នុងការលើកកម្ពស់វប្បធម៌ប្រើប្រាស់ព័ត៌មានយ៉ាងមានការទទួលខុសត្រូវ និងជួយបង្កើនភាពជឿជាក់របស់សាធារណជនចំពោះប្រព័ន្ធផ្សព្វផ្សាយនៅក្នុងសង្គមកម្ពុជា។មករាMLC



