នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥ វេលាម៉ោង២០៖២៥នាទី មានករណីឃាតកម្ម (យកពូថៅកាប់) នៅភូមិខ្នាច ឃុំវត្តអង្គ ខាងត្បូង ស្រុកបន្ទាយមាស ខេត្តកំពត បង្កឡើងដោយជនសង្សយ័ឈ្មោះ នាក់ សំណាង (ហៅទេព) ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិឃុំកើតហេតុ បានយកពូថៅទៅកាប់ជនរងគ្រោះឈ្មោះ ងយ ទីម ភេទប្រុស អាយុ៥២ឆ្នាំ នៅភូមិឃុំជាមួយគ្នាបណ្តាលឲ្យស្លាប់នៅហ្នឹងកន្លែងកើតហេតុ។

ក្រោយពីមានហេតុការណ៍ខាងលើកើតឡើង ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, លោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន, លោកវរសេនីយ៍ឯក ហែម បូណា និងលោកវរសេនីយ៍ឯក ឆាន់ គីមលី អនុប្រធាននាយកដ្ឋាន បានដឹកនាំសហការជាមួយស្នងការដ្ឋាននគរបាលកំពត និងខេត្តតាកែវ ដោយបានធ្វើការស្រាវជ្រាវតាមនីតិវិធី និងជំនាញ រហូតកំណត់បានទីតាំងលាក់ខ្លួនរបស់ជនសង្ស័យខាងលើ។

លុះនៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ វេលាម៉ោង១៥៖១០នាទី កម្លាំងជំនាញបានបន្តដឹកនាំសហការដោយឃាត់ខ្លួនបានជនសង្ស័យខាងលើនៅត្រង់ចំណុចភូមិស្រែជើងរាស្រ្ត ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ។

ជនសង្ស័យខាងលើបានឆ្លើយសារភាពថា កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥ ខ្លួនពិតជាបានធ្វើសកម្មភាពយកពូថៅកាប់ទៅលើជនរងគ្រោះឈ្មោះ ងយ ទីម បណ្តាលឲ្យស្លាប់ប្រាកដមែន។ មូលហេតុដោយសារតែមុនពេលកើតហេតុខ្លួនបានទាស់ពាក្យសម្តីជាមួយជនរងគ្រោះ បន្ទាប់មកជនរងគ្រោះបានយកអាវុធខ្លីកែច្នៃ ប្រើគ្រាប់កាំកង់ មកបាញ់លើខ្លួនចំនួន២គ្រាប់ ទើបខ្លួនធ្វើសកម្មភាពខាងលើតែម្តង។

បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្តកំពត ដើម្បីបន្តនីតិវិធី៕

 

By MLC TV

នេះជាគណនីដើម្បីផុសព័ត៌មាន

Leave a Reply

Your email address will not be published. Required fields are marked *

You missed