សេចក្តីប្រកាសព័ត៌មានរបស់ ADB បានឱ្យដឹងថា ការអះអាងនេះត្រូវបានធ្វើឡើងដោយប្រធានធនាគារអភិវឌ្ឍន៍អាស៊ី លោក ម៉ាសាតុ កាន់ដា (Masato Kanda) ក្នុងជំនួបជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅវិមានសន្តិភាពកាលពីថ្ងៃព្រហស្បតិ៍។

 

លោក ម៉ាសាតុ កាន់ដា បានមានប្រសាសន៍ ថា៖ «ចំពេលមានការកើនឡើងនៃបញ្ហាប្រឈមជាសកល ការដឹកនាំដ៏រឹងមាំ និងការប្តេជ្ញាចិត្តចំពោះការអភិវឌ្ឍន៍ដែលផ្តោតលើប្រជាជន គឺជាកត្តាចាំបាច់” ដោយលោកបានបន្ថែមថា ADB ប្តេជ្ញាគាំទ្រកម្ពុជា ខណៈកម្ពុជាស្វែងរកការផ្លាស់ប្តូរសេដ្ឋកិច្ច និងបង្កើតឱកាសថ្មីៗ ជាពិសេសសម្រាប់ជនក្រីក្រ និងងាយរងគ្រោះបំផុត»។

ក្នុងឱកាសកិច្ចពិភាក្សានោះ លោក ម៉ាសាតុ កាន់ដា និងលោក សម្តេច ម៉ាណែត បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការធ្វើឱ្យមានតុល្យភាពកំណើនសេដ្ឋកិច្ច ជាមួយនឹងចីរភាពអេកូឡូស៊ី និងការអភិរក្សវប្បធម៌។ ភាគីទាំងពីរក៏បានគូសបញ្ជាក់ផងដែរអំពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការថាមពលក្នុងតំបន់ រួមទាំងការចូលរួមរបស់កម្ពុជានៅក្នុងបណ្តាញថាមពលអាស៊ាន (ASEAN Power Grid) ដើម្បីបង្កើនលទ្ធភាពទទួលបាននិងសន្តិសុខថាមពល។

ជាផ្នែកនៃដំណើរទស្សនកិច្ចរយៈពេលបីថ្ងៃរបស់លោកចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២១ ខែមីនា លោក កាន់ដា បានគូសបញ្ជាក់ពីសារៈសំខាន់របស់ប្រទេសកម្ពុជាក្នុងនាមជាដៃគូយុទ្ធសាស្ត្រ និងបានកត់សម្គាល់ពីការពង្រឹងទំនាក់ទំនងរវាង ADB និងប្រទេសកម្ពុជាឱ្យកាន់តែរឹងមាំ។ លោក​មាន​ទំនុក​ចិត្ត​ថា ក្រោម​ការ​ដឹក​នាំ​របសសម្តេច ​នាយក​រដ្ឋមន្ត្រី ភាព​ជា​ដៃ​គូ​នេះ​នឹង​បន្ត​រីក​ចម្រើន។ លើសពីនេះ ADB នៅតែប្តេជ្ញាក្នុងការពង្រីកកិច្ចសហការរបស់ខ្លួនជាមួយកម្ពុជា ដើម្បីគាំទ្រដល់គោលដៅនៃចក្ខុវិស័យឆ្នាំ២០៥០ របស់ប្រទេសកម្ពុជា។

ជាការឆ្លើយតប សម្តេច ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្រដ៏យូរអង្វែងរបស់ ADB ដែលបានរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់កម្ពុជា។ លោកបានសង្កត់ធ្ងន់អំពីសារៈសំខាន់នៃការកំណត់គោលដៅច្បាស់លាស់ក្នុងការលើកកម្ពស់កំណើនសេដ្ឋកិច្ច ការបង្កើតការងារ និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព ទន្ទឹមនឹងការអនុវត្តគោលនយោបាយអាទិភាពដែលដោះស្រាយតម្រូវការរបស់ប្រជាជនកម្ពុជា។ គោលនយោបាយទាំងនេះផ្តោតលើការកែលម្អការវិស័យសុខាភិបាល វិស័យអប់រំ និងឱកាសការងារ។

សម្តេច នាយករដ្ឋមន្ត្រីក៏បានគូសបញ្ជាក់អំពីវិធានការសំខាន់ៗក្នុងការលើកកម្ពស់សហគមន៍មូលដ្ឋាន ដោយគាំទ្រដល់ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ការផ្តល់ការបណ្តុះបណ្តាល និងការកសាងសមត្ថភាពមូលដ្ឋាន ដើម្បីធានាបាននូវផលប្រយោជន៍ផ្ទាល់សម្រាប់ប្រជាជន។ លោកបានសង្កត់ធ្ងន់លើការដាក់ចេញនូវគោលនយោបាយលើកកម្ពស់ការអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងកម្មវិធីវិជ្ជាជីវៈ ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារនាពេលបច្ចុប្បន្ន និងអនាគត។

លើសពីនេះ លោកបានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលក្នុងការលើកកម្ពស់បរិយាកាសវិនិយោគ និងភាពប្រកួតប្រជែងរបស់កម្ពុជា។ លោកបានលើកទឹកចិត្តដល់ ADB ឱ្យបន្តធ្វើការជាមួយអាជ្ញាធរមូលដ្ឋាន ក្រសួង និងស្ថាប័នរដ្ឋាភិបាលផ្សេងទៀត ដើម្បីពង្រឹងភាពជាដៃគូបន្ថែមទៀត។

នៅថ្ងៃដដែលនោះ លោក កាន់ដា ក៏បានជួបពិភាក្សាការងារជាមួយ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយលោកបានលើកឡើងពីការគាំទ្ររបស់ ADB ចំពោះកំណែទម្រង់សំខាន់ៗក្រោមយុទ្ធសាស្ត្រជាតិរបស់ប្រទេស។ ទាំងនេះរួមមានការពង្រឹងឧស្សាហកម្មដែលមានតម្លៃខ្ពស់ គាំទ្រដល់សហគ្រាសខ្នាតមីក្រូ តូច និងមធ្យម ការលើកកម្ពស់បរិយាកាសវិនិយោគ និងការពន្លឿនបរិវត្តកម្មឌីជីថល។

លោក អូន ព័ន្ធមុនីរ័ត្ន បានគូសបញ្ជាក់អំពីចក្ខុវិស័យរយៈពេលវែងរបស់កម្ពុជា ដែលមានគោលដៅប្រែក្លាយប្រទេសកម្ពុជាទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ ហើយបន្ទាប់មកនឹងក្លាយជាប្រទេសដែលមានចំណូលខ្ពស់។ ចក្ខុវិស័យនេះត្រូវបានគាំទ្រដោយគោលនយោបាយ និងយុទ្ធសាស្ត្រសំខាន់ៗ រួមទាំង ‘យុទ្ធសាស្រ្តស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ និងភាពជាដៃគូ ២០២៤-២០២៨’។

លោកបានមានប្រសាសន៍ថា “យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ បង្ហាញពីអាទិភាពសំខាន់ៗរបស់រាជរដ្ឋាភិបាល៖ មនុស្ស ផ្លូវ ទឹក ថាមពល និងបច្ចេកវិទ្យាឌីជីថល។ អាទិភាពទាំងនេះធ្វើជាមគ្គទេសក៍ដល់គោលនយោបាយរបស់រដ្ឋសភានីតិកាលទី៧ និងស្របទៅតាមទិសដៅគោលនយោបាយរយៈពេលមធ្យម និងវែងរបស់កម្ពុជា ដើម្បីឆ្លើយតបទៅនឹងការផ្លាស់ប្តូរសេដ្ឋកិច្ចសកលដ៏ឆាប់រហ័ស។

លោក អូន ព័ន្ធមុនីរ័ត្ន បានកត់សម្គាល់ថា ដើម្បីជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព និងបរិយាប័ន្ន រដ្ឋាភិបាលកំពុងផ្តោតលើការពង្រឹងសមត្ថភាពស្ថាប័ន ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថល និងការបង្កើនការកៀរគរចំណូលក្នុងស្រុក។

លោកបានបន្ថែមថា លើសពីនេះ កម្ពុជាកំពុងធ្វើការយ៉ាងសកម្មក្នុងការពង្រឹងភាពប្រកួតប្រជែង បង្កើនភាពធន់ផ្នែកសេដ្ឋកិច្ច និងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ក្នុងចំណោមប្រទេសសមាជិកអាស៊ាន។ នេះរួមបញ្ចូលទាំងកិច្ចខិតខំប្រឹងប្រែងដើម្បីបង្កើនការតភ្ជាប់អាស៊ាន ជំរុញការធ្វើពិពិធកម្មសេដ្ឋកិច្ច ទាក់ទាញការវិនិយោគ បង្កើនប្រសិទ្ធភាពប្រមូលពន្ធ អភិវឌ្ឍធនធានមនុស្ស និងបង្កើតគោលនយោបាយសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។

លោក កាន់ដា ក៏បានជួបពិភាក្សាការងារជាមួយលោកស្រី ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា ដើម្បីពិភាក្សាអំពីការពង្រីកលទ្ធភាពទទួលបានសេវាធនាគារ ការពង្រីកជម្រើសនៃការទូទាត់តាមប្រព័ន្ធឌីជីថល និងការអនុវត្តគោលនយោបាយគាំទ្រសហគមន៍ជនបទ និងអាជីវកម្មថ្មីៗ។

លោកស្រី ជា សិរី បានសង្កត់ធ្ងន់លើតួនាទីដ៏សំខាន់របស់ ADB ក្នុងការជួយដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៩០ តាមរយៈជំនួយបច្ចេកទេស និងការផ្តល់ហិរញ្ញប្បទានសម្រាប់គម្រោងជាច្រើន។ ADB ក៏បានដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រឹងប្រព័ន្ធធនាគាររបស់កម្ពុជា ដោយជួយរៀបចំបទប្បញ្ញត្តិសម្រាប់វិស័យមីក្រូហិរញ្ញវត្ថុ ដែលធ្វើឲ្យកម្ពុជាក្លាយជាប្រទេសដំបូងគេក្នុងពិភពលោកដែលបង្កើតបទប្បញ្ញត្តិបែបនេះ។

លោកស្រីទេសាភិបាល បានគូសបញ្ជាក់បន្ថែមអំពីការរួមចំណែករបស់ ADB ចំពោះយុទ្ធសាស្ត្រវិស័យហិរញ្ញវត្ថុរបស់កម្ពុជា ដែលបាននិងកំពុងវិវឌ្ឍតាំងពីដើមទសវត្សរ៍ឆ្នាំ២០០០។ លោកស្រីបានទទួលស្គាល់ពីសក្តានុពលនៃវិស័យកសិកម្មរបស់កម្ពុជា និងបានស្នើឱ្យ ADB បន្តគាំទ្រ សម្រាប់ឧស្សាហកម្មដ៏សំខាន់នេះ។

លោកស្រី ជា សិរី បានបន្តថា៖ «វាជាកិត្តិយសណាស់ដែលបានជួបលោក ម៉ាសាតុ កាន់ដា ដែលជាប្រធានធនាគារអភិវឌ្ឍន៍អាស៊ីដែលទើបតែងតាំងថ្មី។ គាត់បានជ្រើសរើសប្រទេសកម្ពុជាសម្រាប់ដំណើរទស្សនកិច្ចនៅបរទេសដំបូងគេ បន្ទាប់ពីលោកត្រូវបានតែងតាំង។ យើងបានពិភាក្សាអំពីសក្តានុពលកំណើនរបស់ប្រទេសកម្ពុជា និងការវិនិយោគហេដ្ឋារចនាសម្ព័ន្ធទាំងទន់ និងរឹង ដែលចាំបាច់ដើម្បីទាញយកសក្តានុពលទាំងនោះ»។

លោកស្រីបានបន្ថែមថា “ប្រធានធនាគារអភិវឌ្ឍន៍អាស៊ី លោក កាន់ដា ក៏បានអញ្ជើញទស្សនាសារមន្ទីរ ស.ស.រ ហើយមានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះប្រវត្តិសាស្ត្រ និងភាពធន់របស់ប្រជាជនកម្ពុជា។ យើងបានសង្កត់ធ្ងន់ថាសន្តិភាព និងស្ថិរភាពគឺជាបុរេលក្ខខណ្ឌសម្រាប់ការអភិវឌ្ឍន៍”។

ប្រធាន ADB បានកោតសរសើរដល់ធនាគារជាតិនៃកម្ពុជា ចំពោះវឌ្ឍនភាពរបស់ខ្លួនក្នុងវិស័យធនាគារ និងប្រព័ន្ធទូទាត់ ដែលបានគាំទ្រដល់កំណើនសេដ្ឋកិច្ច សម្របសម្រួលពាណិជ្ជកម្ម និងលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ។ ជាពិសេស ប្រព័ន្ធទូទាត់បាគងបានក្លាយជាគំរូដ៏ជោគជ័យមួយសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ផ្សេងទៀតដើម្បីរៀនសូត្រតាម។

បន្ថែមពីលើនេះ លោកបានបញ្ជាក់ថា ADB នឹងបន្តគាំទ្រយ៉ាងសកម្មដល់ការអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុ និងសេដ្ឋកិច្ចរបស់កម្ពុជា។

ក្នុងអំឡុងពេលទស្សនកិច្ចនោះ លោក Kanda បានទស្សនាគម្រោងជលផលសមុទ្រ និងតំបន់ឆ្នេរប្រកបដោយចីរភាព ដែលគាំទ្រដោយមូលនិធិអភិវឌ្ឍន៍អាស៊ី ដែលផ្តោតលើការបង្កើតឡើងវិញនូវប្រព័ន្ធអេកូឡូស៊ីសមុទ្រ ជំរុញចីរភាពជលផល និងការកែលម្អជីវភាពរស់នៅរបស់សហគមន៍តំបន់ឆ្នេរសមុទ្រ។

ដោយបានចូលរួមជាមួយគ្រួសារអ្នកនេសាទ និងសមាជិកសហគមន៍ផ្សេងទៀត លោកបានបញ្ជាក់សារជាថ្មីអំពីតួនាទីរបស់ ADB ក្នុងនាមជាដៃគូអភិវឌ្ឍន៍ពហុភាគីដ៏ធំបំផុតរបស់កម្ពុជា និងការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះគម្រោងដែលបង្កើតឱ្យមានឥទ្ធិពលយូរអង្វែង និងប្រកបដោយអត្ថន័យ។

ផលប័ត្ររបស់ ADB នៅកម្ពុជាមានតម្លៃប្រហែល ២.២ ពាន់លានដុល្លារ។ ក្នុង​រយៈពេល​បី​ឆ្នាំ​កន្លង​មក ការ​សន្យាប្រកបដោយ​អធិបតេយ្យ​របស់ ADB ចំពោះ​ប្រទេស​កម្ពុជា មាន​ជា​មធ្យម​ប្រមាណ ៣៥០ លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ។ យុទ្ធសាស្ត្រភាពជាដៃគូប្រចាំប្រទេសរបស់ ADB សម្រាប់កម្ពុជា (២០២៤-២០២៨) បញ្ជាក់ពីការប្តេជ្ញាចិត្តជាយុទ្ធសាស្ត្ររបស់ខ្លួនចំពោះការអភិវឌ្ឍន៍របស់ប្រទេសកម្ពុជា៕

By saypouchhotnews

នេះជាគណនីដើម្បីផុសព័ត៌មាន

Leave a Reply

Your email address will not be published. Required fields are marked *

You missed